(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំង​បានបញ្ចេញរបាយការណ៍មួយឲ្យដឹងថា ក្នុងរយៈពេល​ ៤០ឆ្នាំមកនេះ​ប្រជាជន​រស់​នៅទីក្រុងប៉េកាំង រដ្ឋធានី​នៃប្រទេសចិន​ បានដាំដើមឈើ​សរុបជាង ២០០លានដើម បន្ទាប់ពីទិវាដាំដើមឈើជាតិ​ត្រូវបានបង្កើតឡើង​ជាលើកដំបូង​កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

យើងតាមរដ្ឋបាលទីក្រុងប៉េកាំង ទីក្រុងនេះតែងតែអនុញ្ញាតទិវាដាំដើមឈើ​ស្ម័គ្រចិត្ត​នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ដំបូង នៃខែមេសាផងដែរ ហើយ​បើគិត​ពីតួលេខនៃដំណាច់ឆ្នាំ​២០១៨ ទីក្រុងប៉េកាំង​មានអ្នកស្ម័គ្រចិត្តដាំដើមឈើចំនួនជាង ១០០លានដង និង​ដាំដើមឈើ​បានជាង ២០០លានដើម ត្រូវបានកត់ចូលទៅក្នុងកំណត់ត្រា។ បន្ថែមពីនេះបើគិត​ពី​នៅ​ក្នុងទីក្រុងប៉េកាំងតែមួយឆ្នាំ២០១៨នោះ ប្រជាជនទីក្រុងនេះ​​បាន​ស្ម័គ្រចូលមកដាំដើម​ប្រមាណ​​ជាង ៤លានដង ឬស្មើនឹង​ការដាំដើមឈើ​បន្ថែមប្រមាណ​ជាង ១លានដើម។

គួរបញ្ជាក់ថា គិតតាម​តួលេខ​ចុងក្រោយ​នៅឆ្នាំ២០១៨ ទីក្រុងប៉េកាំង​​ដែលមានផ្ទៃក្រឡា ១៦,៨០៨គីឡូម៉ែត្រក្រឡា មានប្រជាជន​រស់នៅសរុប​ប្រមាណ ២១.៥៤លាននាក់។ ជាច្រើន​ឆ្នាំមកនេះ​​អង្គការអភិរក្សបរិស្ថាន​អន្តរជាតិមួយចំនួន បានចាត់ទុក​ទីក្រុងប៉េកាំង ជាទីក្រុង​ពុលបំផុតមួយ​​នៅលើ​​សកលលោក ដោយសារតែ​​សកម្មភាព​​ឧស្សាហកម្ម​មាន​ភាពរីកចំរើន​ខ្លាំង និងកំណើនប្រជាជនជាដើម។

ប៉ុន្តែរបាយការណ៍​​ថ្មីៗចុងក្រោយ​នេះ ជាពិសេស​រូបភាព​ពីផ្កាយរណបរបស់​អង្គការ NASA ជាដើម ​បានធ្វើ​ឲ្យ​អន្តរជាតិមានការភ្ញាក់ផ្អើល ព្រោះតែគម្រប​បៃតងរបស់ប្រទេស​ចិន មានកើនឡើងខ្លាំង​​បើធៀបនឹងរូបភាព​កាលពី ២០ឆ្នាំមុន ដែល​ប្រការនេះ​គឺបានបង្ហាញអំពី​ជោគជ័យ​នៃការ​ថែរក្សា និងបង្កើន​គម្របព្រៃឈើ​របស់ចិន ដែល​បាននិងកំពុងជួយ​ស្តារ​និរន្តរភាព​បរិស្ថានឡើងវិញ​ចំពោះ​មុខ​វិបត្តិនៃ​ផ្សែងពុល និងការកើនឡើង​កម្តៅសកល៕