(ឡាហាវ៉ាន់)៖ រដ្ឋាភិបាល​គុយបាបានទាត់ចោល​ ការចោទប្រកាន់​របស់​​ក្រុមមន្រ្តីជាន់​​ខ្ពស់អាមេរិក ដែលថា​គុយបា​​បាននិង​កំពុង​បន្តទ្រជើង​ប្រធានាធិបតីអាមេរិក​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយមកទល់​ពេលនេះ គុយបាមាន​កងទ័ព​ដល់​ទៅ​២៥,០០០នាក់​នៅក្នុងប្រទេស​វេណេស៊ុយអេឡា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

សេចក្តីប្រកាសនៃរដ្ឋាភិបាល​គុយបា បានលើកឡើង​យ៉ាងដូច្នេះថា «គុយបា​ទទួលយកពុំ​បានជាដាច់ខាត​ ចំពោះពាក្យសម្តី​កុហកឥត​កេរ្តិ៍ខ្មាសនេះ និង​ទាត់ចោល​នូវ​ការចោទ​ប្រកាន់ទាំងឡាយ​ដែលថា គុយបាកំពុងតែជួយ​ទប់​ជួយទ្រប្រទេស​វេណេស៊ុយអេឡា។ ទំនាក់ទំនង​​របស់​​យើង​ទាំងពីរ គឺឈរលើការគោរព​ និងការរួមសាមគ្គីទៅវិញ​ទៅមក»។ បើតាម​គុយបាផ្ទាល់ ​បច្ចុប្បន្នមាន​វេជ្ជបណ្ឌិត ​និង​អ្នក​ប្រឹក្សា​​របស់គុយ​បាជាង ២០,០០០នាក់​នៅ​វេណេស៊ុយអេឡាប៉ុណ្ណោះ។

ជាមួយគ្នានេះ​គុយបាបាននិយាយថា សហរដ្ឋអាមេរិកំពុងតែដឹកនាំ​សង្រ្គាម និងការបះបោរ​ប្រឆាំង​លោក ម៉ាឌូរ៉ូ ខណៈទង្វើថ្មីចុង​ក្រោយ​​បំផុត​របស់ទីក្រុង​វ៉ាស៊ីនតោន គឺការដាច់ចរន្តអគ្គិសនី​នៅស្ទើរទូទាំងប្រទេស​វេណេស៊ុយអេឡា ដែលបានបន្តអូស​បន្លាយតាំង​តែពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន។ ជុំវិញបញ្ហាដាច់​ចរន្តអគ្គិសនីនេះ រដ្ឋាភិបាល​វេណេស៊ុយអេឡា​បានអះអាងថា គឺមានអាមេរិក​ជាអ្នកនៅពីក្រោយ ខណៈទីក្រុង​វ៉ាស៊ីនតោន​ និងក្រុមបក្សប្រឆាំង​បាននិយាយថា វាបណ្តាលមកពី​អំពើ​ពុករលួយ និងការមិន​ចេះ​គ្រប់គ្រងប្រទេស៕