(វ៉ាស៊ីនតោន)៖ ប្រធានសភា​អាមេរិកនៃគណបក្ស​ប្រជាធិបតេយ្យ លោកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិនចាំបាច់​ដេកភ័យខ្លាចគេទម្លាក់ចេញពីតំណែងនោះទេ ព្រោះលោកមិនមានតម្លៃអ្វី​ដែលតម្រូវឱ្យគេធ្វើដូច្នេះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

លោកស្រី Nancy Pelosi លើក​ឡើងបែបនេះ​នៅក្នុងបទសម្ភាសន៍ជាមួយ​កាសែត Washington Post នៅថ្ងៃចន្ទ​សប្ដាហ៍នេះ និងបន្ទាប់ពី​មានការស្ទង់មតិ​ជាបន្តបន្ទាប់​ ជុំវិញលទ្ធភាពនៃការ​ទម្លាក់​លោក ត្រាំ ពីតំណែងជា​ប្រធានាធិបតី។ លោកស្រី Pelosi បានគូសបញ្ជាក់​នាឱកាសនោះ​យ៉ាងដូច្នេះថា «ខ្ញុំមិនគាំទ្រ​ឱ្យមានការទម្លាក់​លោកពីអំណាច​នោះទេ ពីព្រោះ​ការធ្វើបែបនេះ​មានតែបង្ក ប្រទេសជាតិ​បែកបាក់គ្នាតែ​ប៉ុណ្ណោះ... ហើយ​ខ្ញុំគិតថា​ គាត់ (លោកត្រាំ) គ្មានតម្លៃអ្វីដែល​តម្រូវឱ្យគេទម្លាក់​លោកពីតំណែង​នោះទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ​កន្លងទៅ សមាជិកសភា​បក្សប្រជាធិបតេយ្យ​លោកស្រី រ៉ាស៊ីដា ថ្លេប (Rashida Tlaib) បានប្រកាសថា នឹងដាក់សំណើពិសេសសុំ​ដំណើរការនីតិវិធីទម្លាក់​លោក ដូណាល់ ត្រាំ នៅចុង​ខែមីនានេះ។ ប៉ុន្តែបើតាម​ការស្ទង់មតិជាច្រើនមកនេះ​ ប្រជាជនអាមេរិក ៥៩ភាគរយ ប្រឆាំងនឹង​នីតិវិធីនេះ៕