(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានឲ្យដឹងនា​ថ្ងៃអង្គារនេះថា រដ្ឋាភិបាល​របស់លោក​កំពុង​តែពិចារណាថា គួរតែ​បិទ​លក់ ឬផ្តល់​ហិរញ្ញវប្បទាន​ឡើងវិញ​ទាក់ទិននឹង​​អាកាសចរណ៍ជាតិ Malaysia Airlines។ នេះបើ​តាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

ថ្លែងទាក់ទិននឹង​ជោគវាសនារបស់អាកាសចរណ៍​ជាតិម៉ាឡេស៊ី លោក Mahathir បានបញ្ជាក់យ៉ាង​ដូច្នេះថា «វាគឺជារឿងធំមួយ​ក្នុង​ការបិទ​អាកាសចរណ៍​នេះ ដូច្នេះហើយ​ពួកយើងនឹង​សិក្សាក៏ដូចជាស៊ើប​អង្កេត​ថា តើយើងគួរតែ​បិទ​វាចោលតែម្តង ឬលក់វា​​ទៅឲ្យអ្នកផ្សេង ឬមួយក៏យើងគួរតែ​ធ្វើហិរញ្ញប្បទាន​ដល់វាឡើង​វិញ»

គួរជម្រាបថា អាកាសចរណ៍​ជាតិ Malaysia Airlines បាននិងកំពុងតែ​ព្យាយាមកែប្រែ​ប្រតិបត្តិការ ហើយវិលទៅរកប្រាក់​ចំណេញ​​​បានឡើង​វិញនៅឆ្នាំ២០១៩នេះ ស្របពេលដែល​ខ្លួនកំពុងខិតខំប្រឹងប្រែងស្រោចស្រង់​មុខមាត់ជាថ្មី ក្រោយគ្រោះ​មហន្តរាយ​ធំៗ​​​ដល់​ទៅពីលើក​កាល​ពី​ឆ្នាំ២០១៤ គឺការបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង​នៃ​យន្តហោះ MH370 និង​យន្តហោះ MH17 ដែលត្រូវគេ​បាញ់​ធ្លាក់​នៅភាគ​ខាងកើត​អ៊ុយក្រែន៕