(វ៉ាស៊ីនតោន)៖ ប្រធាន​អង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានសាទរ​ចំពោះ​សំណើ​កញ្ចប់ថវិកា​ឆ្នាំ២០២០ សម្រាប់ទីភ្នាក់​ងារ​​អវកាស​​អាមេរិក​នេះ របស់រដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយលោក​បានលើកឡើងថា វានឹង​ជួយ​ឲ្យ​ស្ថាប័ន​របស់​​លោក​​​​សម្រេចគោលដៅ​ឆ្ពោះទៅកាន់​ឋាន​ព្រះច័ន្ទ ហើយបន្តទៅ​ភពអង្គារ (Mars) ថែមទៀត។ នេះ​បើ​តាម​​ការ​​ដក​ស្រង់​​ការ​ផ្សាយ​​ចេញពី វែបសាយ​ព័ត៌មាន Space នៅរសៀល​ថ្ងៃអង្គារ ទី១២​ ខែមីនា ឆ្នាំ២០១៩។

ទាក់ទិននឹងបេសកកម្ម​វិលត្រឡប់ទៅកាន់​ព្រះច័ន្ទ លោក Bridenstine បានផ្តោតជា​សំខាន់ទៅលើ ​Gateway ឬ Luna Orbital Platform-Gateway (ពីមុនគេហៅថា Deep Space Gateway) ដែលជា​ស្ថានីយអវកាស​ Outpost មួយ​នៅក្បែរ​ព្រះច័ន្ទ​សម្រាប់បម្រើ​​ជា​​​ស្ថានីយច្រកផ្លូវ​ ដើម្បីបន្តឆ្ពោះទៅចុះលើផ្ទៃព្រះច័ន្ទ និងជាស្ថានីយ​ស្រាវជ្រាវមួយ។ លោក Bridenstine បាន​​បញ្ជាក់​ថា ​គម្រោង Gateway ទទួលបាន​ការផ្គត់ផ្គង់​ពេញលេញ នៅក្នុងសំណើ​កញ្ចប់ថវិកា​​ខាងលើ។

បើតាមលោក Bridenstine ​សំណើកញ្ចប់ថវិកា​ក៏​បានផ្តល់ការផ្គត់ផ្គង់ពេញលេញដល់ បេសកកម្ម​ Mars 2020 និង​បេសកកម្មមួយផ្សេងទៀត ដែលអាច​ប្រព្រឹត្តទៅ​ឆាប់បំផុតនៅ​ឆ្នាំ២០២៦ ដើម្បីប្រមែប្រមូលនិង​​នាំយក​គំរូស្លាក​ស្នាមពី Mars ​ត្រឡប់​មក​​កាន់ផែនដី​ផងដែរ៕ ​