(ម៉ូស្គូ)៖ សារព័ត៌មាន​ចិន Global Times បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ​ទម្ងន់ ៤០តោន​ដំបូងបំផុតដែលអភិវឌ្ឍន៍​រួមគ្នាដោយរុស្ស៊ី និងចិន​នឹងត្រូវផលិតរួចរាល់​ទាំងស្រុង​នៅឆ្នាំ២០៣២។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅរសៀល​ថ្ងៃអង្គារ ទី១២​ ខែមីនា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍​ខាងលើរបស់ Global Times ធ្វើឡើងដោយផ្អែក​លើ​លោក វូ ស៊ីមីង (Wu Ximing) ដែលជាប្រធានក្រុមរចនាមកពី​ឧស្សាហកម្ម​អាកាសចរណ៍​ចិន។ លោក Wu​ បានបញ្ជាក់យ៉ាង​ដូច្នេះថា «រុស្ស៊ីមាន​បទពិសោធន៍យ៉ាងច្រើន​ក្នុងការផលិត​ឧទ្ធម្ភាគចក្រ ទម្ងន់ ៤០តោនឡើងទៅ ជាឧទាហរណ៍ដូចជា​ឧទ្ធម្ភាគចក្រ Mi-26 ដែលមានទម្ងន់ ៥៦តោន... ដូច្នេះយើងចង់​ប្រើឱកាសនេះ​ដើម្បី ដកស្រង់​បទពិសោធន៍​ពី​រុស្ស៊ី»

គួរបញ្ជាក់ថា បច្ចុប្បន្នគេមិន​ទាន់ដឹងច្បាស់នៅឡើយទេថា ម៉ាស៊ីនប្រភេទ​នឹងត្រូវប្រើសម្រាប់​ឧទ្ធម្ភាគចក្រ​ស៊េរីថ្មីនេះ។ ប៉ុន្តែបើតាម Global Times ម៉ាស៊ីនដែល​ប្រើក្នុង​ឧទ្ធម្ភាគចក្រ MI-26 អាចនឹងក្លាយ​ជាជម្រើសមួយ​ដ៏ល្អ៕