(ការ៉ាកាស់)៖ រដ្ឋាភិបាល​​វេណេស៊ុយអេឡាបានចេញ​បញ្ជាឲ្យ បន្តផ្អាកការរៀនសូត្រ និង​បំពេញ​ការងារ​រហូត​ដល់ថ្ងៃអង្គារ​បន្ថែមទៀត ដោយសារតែ​មកដល់ពេលនេះ អគ្គិសនី​នៅតាម​បន្តគ្មាននៅតាមរដ្ឋ​ជាច្រើនទូទាំងប្រទេស គិតចាប់តាំងពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ពេលវេលា​នៅអាមេរិកឡាទីន) ខណៈ​ដំណោះស្រាយ​​អំពីបញ្ហានេះ ហាក់ដូច​ជា​ស្ថិតក្នុង​ភាពងងឹតដូចគ្នា។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

សាលារៀន និង​ការិយាល័យ​បម្រើការងារទាំងអស់ទូទាំងប្រទេស ត្រូវបានបញ្ជាឲ្យ​បន្តការបិទទ្វារ​ទៅដល់​ថ្ងៃអង្គារសប្តាហ៍នេះ​ទៀត (២៤ម៉ោងបន្ថែមទៀត) បន្ទាប់ពីការ​ចាប់ផ្តើម​បិទទ្វារជាបណ្តើរ​កាលពីថ្ងៃសុក្រ​​​សប្តាហ៍​មុន។ ជុំវិញបញ្ហានេះ ​រដ្ឋមន្ត្រី​ការបរទេស​វេណេស៊ុយអេឡា លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានអះអាង​នៅ​ថ្ងៃចន្ទនេះថា អគ្គិសនីនៅក្នុង​​ប្រទេសបានចាប់​ផ្តើម​​រលត់កាលពី​វេលាម៉ោង ៥៖០០នាទីល្ងាច​ថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន ហើយ​ក្រុម​​ជំនាញ​បានរកឃើញ​ការវាយប្រហារ​ចំនួន ៥លើក ដោយក្រុមឧក្រិដ្ឋជន​មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី​របស់ប្រទេស​​អាមេរិកខាងត្បូង​មួយ​នេះ។

នៅថ្ងៃចន្ទដដែល​នេះដែរ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បាន​ចោទ​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ថាជាអ្នកនៅពីក្រោយ​ការ​វាយប្រហារផ្នែក​ព័ត៌មានវិទ្យា មកលើ​ប្រព័ន្ធអគ្គិសនី​របស់ប្រទេសលោក។ សម្រាប់​អ្វី​ដែលរដ្ឋាភិបាល​វេណេស៊ុយអេឡា​អាចធ្វើបាននៅពេលនេះ គឺការអំពាវនាវឲ្យ​ប្រជាជន​​មានការអត់ធ្មត់ និងតស៊ូ​ប្រយុទ្ធ​ចំពោះបញ្ហា ខណៈសកម្មភាព​​ជួយសង្គ្រោះ​ផ្នែកសុខាភិបាល ការផ្គត់ផ្គង់ទឹក​ជាបណ្តោះអាសន្ន ចំណីអាហារ និង​ថាមពល​​បណ្តោះអាសន្ននោះ កំពុង​តែមានភាព​សកម្មខ្លាំង នៅ​កន្លែង​ដែលកំពុងមាន​តម្រូវការចាំ​បាច់បំផុត៕