(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ ( CEO) ក្រុមហ៊ុនផលិត​យន្ដហោះ​អាមេរិក Boeing លោក ដេននីស មុយឡេនប៊ឺក (Dennis Muilenburg) បាន​និយាយថា នៅតែមានទំនុក​ចិត្ដដដែលលើយន្ដហោះ​ត្រកូល 737 MAX ដែលជាយន្ដហោះ​មានសុវត្ថិភាព​បំផុត បើទោះជាយន្ដហោះ​ប្រភេទ នេះទើបតែធ្លាក់​ជាលើកទី ២ នៅឯប្រទេសអេត្យូពី​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

លោក Dennis Muilenburg ធ្វើការកត់សម្គាល់​បែបនេះនៅក្នុង​សារ E-mail មួយផ្ញើជូន​បុគ្គលិក Boeing ដែលសារព័ត៌មាន Reuters ទទួល​បាន។ នាយកប្រតិបត្តិ​រូបនេះបានគូស​បញ្ជាក់យ៉ាង​ដូច្នេះ​ថា «យើងនៅតែមាន​ទំនុកចិត្ត​ថា 737 MAX គឺជាយន្ដហោះ​មានសុវត្ថិភាព​ជាងគេបំផុត ហើយយើង​ជឿជាក់ផង​ដែរលើបុរស និងស្ត្រី ដែលចូលរួមរចនា និងផលិត​វាឡើង»។ លោក Muilenburg បន្ថែមថា យន្ដហោះ​ត្រកូល MAX នេះបានធ្វើការ​ហោះហើររាប់រយជើង​ប្រកបដោយ​សុវត្ថិភាព ចាប់តាំងពីវាត្រូវ​បានដាក់ឱ្យដំ​ណើរការ​កាលពីឆ្នាំ២០១៧។

ដោយឡែក​នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រុមហ៊ុន Boeing ថែមទាំងបាន​សន្យាទៀតថា នឹងធ្វើ​បច្ចុប្បន្នភាព software ក្នុងនោះរួមមាន​ទាំងប្រព័ន្ធគ្រប់គ្រង​ការហោះហើរ (Maneuvering Characteristics Augmentation System) ឬ MCAS, pilot displays, ប្រតិបត្តិការ​ដោយដៃ និងការបណ្ដុះ​បណ្ដាលអាកាស​យានិកជាដើម យ៉ាងយូរនៅត្រឹម​ខែមេសា​ខាងមុខនេះ។

គួរជម្រាបថា យន្ដហោះ 737 MAX 8 ប្រតិបត្តិការដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines បានធ្លាក់កាល​ពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រោយពីទើបហោះ​ឡើងបាន​បន្តិច​ចេញពី​អាកាសយានដ្ឋាននៃរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី (Nairobi) របស់ប្រទេស​កេនយ៉ា។ សោកនាដកម្មនេះ​ផ្ដាច់ជីវិតមនុស្ស​ទាំងអស់ ១៥៧នាក់ ហើយវា​គឺជាលើកទី ២ បន្ទាប់ពី​យន្ដហោះ 737 MAX 8 នៃក្រុមហ៊ុន​អាកាសចរណ៍ Lion Air 737 ធ្លាក់នៅចូល​សមុទ្រនៅប្រទេសឥណ្ឌូណេស៊ី​ កាលពីខែតុលា ឆ្នាំ២០១៨ ដោយ សម្លាប់​មនុស្សជិះនៅលើនោះទាំងអស់ ១៨៩នាក់។

​ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ​ ដែលបានធ្លាក់ខ្ទេចខ្ទីមើលលែងយល់នៅឯប្រទេស​អេត្យូពី ត្រូវបានគេរក​ឃើញហើយ ខណៈការសន្និដ្ឋាន​បឋមបញ្ជាក់ថា បញ្ហា​បច្ចេកទេស​គឺជាមូលហេតុធ្លាក់ ពោលគឺដូចគ្នា​ទៅនឹងមូលហេតុធ្លាក់​នៅឥណ្ឌូណេស៊ីដែរ។ ចំណែកឯ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ុងហ្គោលី សិង្ហបុរី កូរ៉េខាងត្បូង និងចិនព្រមទាំង​អាកាសចរណ៍​មួយចំនួនទៀតលើលោកបាន​ប្រកាស​ផ្អាកប្រតិបត្តិការ​ហោះហើរ ​នៃយន្ដហោះ 737 MAX 8 ដើម្បីធ្វើ​ការ​ត្រួតពិនិត្យបច្ចេកទេសឡើងវិញ​ជាចម្បង៕