(ប៉ារីស)៖ ប្រទេសមួយ​ចំនួនបានចាប់ផ្តើម​បញ្ឈរ​ជើង​យន្តហោះ​ម៉ូដែល 737 MAX 8 របស់ក្រុមហ៊ុនផលិត​យន្តហោះអាមេរិក Boeing ជាបណ្តើរៗហើយ ក្រោយការធ្លាក់​យន្តហោះ​របស់​អាកាសចរណ៍​អេត្យូពីរ Ethiopian Airlines កាលពីថ្ងៃអាទិត្យ ដែល​ជាការធ្លាក់​លើកទីពីរហើយនៃយន្តហោះ​ស៊េរីថ្មីនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

​យន្តហោះរបស់​អាកាសចរណ៍ Ethiopian Airlines គឺជាប្រភេទ​យន្តហោះ Boeing 737 MAX 8 ដូចគ្នាទៅនឹងយន្តហោះ​របស់​អាកាសចរណ៍ក្នុងស្រុក​ឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់​កាលពីខែតុលា ឆ្នាំ២០១៨ និងផ្តាច់ជីវិតមនុស្ស​ទាំងអស់ដូចគ្នា​ ដោយនៅលើ​យន្តហោះ Ethiopian Airlines មានមនុស្ស ១៥៧នាក់ រីឯលើយន្តហោះ Lion Air មានមនុស្ស ១៨៩នាក់ ហើយ​ករណី​​ទាំងនេះនេះ ត្រូវបានគេ​កត់សម្គាល់ឃើញ​មានលក្ខណៈ​ស្រដៀង​គ្នាមួយចំនួន ទោះបីលទ្ធផល​ស៊ើបអង្កេតផ្លូវការ​ អំពីមូលហេតុ​មិនទាន់ដឹង​ច្បាស់ក៏​ដោយ។

បច្ចុប្បន្ន​យន្តហោះដឹក​អ្នកដំណើរ 737 MAX 8 ប្រមាណ ៣៥០គ្រឿង កំពុងតែធ្វើប្រតិបត្តិការ​នៅជុំវិញ​ពិភពលោក ប៉ុន្តែ​​​ប្រទេស​ និងអាកាសចរណ៍​មួយចំនួន បានសម្រេច​ចាប់ផ្តើមផ្អាកការហោះហើរ​​នៃយន្តហោះនេះ ខណៈខ្លះទៀត​នៅតែបន្តហោះហើរ​​ពួក​វាដដែល ដោយរង់ចាំលទ្ធផល​ស៊ើបអង្កេតទៅលើករណីធ្លាក់​នៃយន្តហោះ Ethiopian Airlines ក៏ដូចជាការណែនាំ​​​ផ្ទាល់​ពី​​ក្រុម​ហ៊ុន Boeing។

* ខាងក្រោមគឺ​ជាបញ្ជីឈ្មោះនៃប្រទេស និងអាកាសចរណ៍​ដែលបានបញ្ឈរ​ជើងយន្តហោះ Boeing 737 MAX 8 ចាប់តាំងពីការធ្លាក់នៅអេត្យូពីនាថ្ងៃអាទិត្យសប្តាហ៍មុន៖

ចិន៖ ប្រទេសចិន​បានបង្គាប់ឲ្យអាកាសចរណ៍​​របស់ខ្លួនទាំងអស់ ផ្អាករាល់ប្រតិបត្តិការ​ហោះហើរ​នៃ​យន្ត​ហោះ Boeing 737 MAX 8 ដោយសារតែ​គ្រោះថ្នាក់ធ្លាក់យន្តហោះ​របស់ Ethiopian Airlines និង Lion Air ដែលមាន​ម៉ូដែលដូច​គ្នា។ ចិនគឺជាទីផ្សារ​ធំ​ដ៏សំខាន់ជាខ្លាំង​សម្រាប់​ក្រុមហ៊ុនផលិត​យន្តហោះ​អាមេរិក Boeing ពោលគឺ ​​១ភាគ៥​ នៃ​ការប្រគល់យន្ត​ហោះ Boeing 737 MAX 8 នៅជុំវិញ​ពិភពលោក​ត្រូវបានធ្វើឡើង​នៅប្រទេសចិន ហើយចិនក៏ជាអ្នក​ទិញវាយ៉ាង​ច្រើនដែរ។

ឥណ្ឌូណេស៊ី៖ ជាទីដែល​យន្តហោះ Boeing 737 MAX 8 គ្រឿងដំបូង បានធ្លាក់កាល​ពីខែតុលា ឆ្នាំមុន ​បានប្រកាស​អំពី​ការ​សម្រេច​ផ្អាករាល់ប្រតិបត្តិការ​នៃយន្តហោះ​ Boeing 737 MAX 8 ទាំង ១១គ្រឿង​ដែលមាននៅ​ក្នុង​ប្រទេសខ្លួន។ កិច្ចការ​​ត្រួត​ពិនិត្យផ្នែកសុវត្ថិភាព​នឹងត្រូវចាប់ផ្តើមឡើង​ ទៅលើយន្តហោះ​ទាំងនោះនាថ្ងៃ​អង្គារ​នេះ។ ក្នុង​ចំណោម MAX 8 ទាំង​ ១១​គ្រឿង​ Lion Air មាន ១០គ្រឿង ខណៈអាកាសចរណ៍​ជាតិ​ឥណ្ឌូណេស៊ី Garuda មាន​មួយគ្រឿង។

កូរ៉េខាងត្បូង៖ ក្រសួងដឹកជញ្ជូន​កូរ៉េខាងត្បូង​បានឲ្យ​ដឹងថា យន្តហោះ Boeing 737 MAX 8 ​របស់​​អាកាសចរណ៍ Eastar Jet នឹងត្រូវបញ្ឈរជើង ដើម្បីរង់ចាំការត្រួតពិនិត្យសុវត្ថិភាព។

ម៉ុងហ្គោលី៖ អាជ្ញាធរអាកាសចរណ៍​ស៊ីវិលម៉ុងហ្គោលបាន​បញ្ជាក់ថា ខ្លួនបានបញ្ជាឲ្យ​អាកាសចរណ៍ជាតិ MIAT ផ្អាក​ប្រតិបត្តិ​​ការ Boeing 737 MAX 8 ​សិន ដែល​ក្រុមហ៊ុនអាកាសចរណ៍​នេះមានតែមួយ​គ្រឿងគត់។​

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបាន​ឲ្យដឹងនាថ្ងៃអង្គារ​នេះថា រាល់ជើងហោះហើរ​​នៃយន្តហោះ Boeing 737 MAX 8 ដែលចេញ និងចូល​​មក​ក្នុងប្រទេសខ្លួនត្រូវផ្អាក​ជាបណ្តោះអាសន្ន​ទាំងអស់។

អាកាសចរណ៍ Ethiopian Arlines៖ ​ដោយសារសោកនាដកម្ម​កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន​អាកាសចរណ៍​​អេត្យូពី Ethiopian Arlines ​បានសម្រេចមិន​ឲ្យក្រុមយន្តហោះ Boeing 737 MAX 8 ដទៃទៀតរបស់ខ្លួន​បន្តការហោះហើរ​ជាបណ្តោះអាសន្ន។

អាកាសចរណ៍ COMAIR៖ ក្រុមហ៊ុនអាកាសចរណ៍​នៅអាហ្រ្វិកខាងត្បូង​មួយនេះ បានឲ្យដឹងថា ខ្លួនបានសម្រេច​ដកយន្តហោះ 737 MAX 8 ​​ចេញពីកាលវិភាគ​ហោះហើរជាបណ្តោះ​អាសន្នសិន។

អាកាសចរណ៍ Cayman៖ ក្រុមហ៊ុនអាកាសចរណ៍​​​របស់​ប្រជុំកោះ Cayman Islands ដែលជាដែនដី​រដ្ឋបាល​​របស់ចក្រ​ភពអង់​គ្លេស នៅឯតំបន់ការីបៀន​បានបញ្ជាក់ថា ខ្លួននឹងផ្អាកជើងហោះហើរ​​​សិនសម្រាប់​យន្តហោះ 737 MAX 8 ទាំង ០២គ្រឿង។

អាកាសចរណ៍ GOL៖ អាកាសចរណ៍ប្រេស៊ីល GOL បានសេចក្តីថ្លែងការណ៍ថា ខ្លួននឹងផ្អាកប្រតិបត្តិការ​ហោះហើរ​របស់​យន្ត​ហោះ Boeing 737 MAX 8 ទាំង០៧គ្រឿង។

អាកាសចរណ៍ AEROMEXICO៖ អាកាសចរណ៍​ម៉ិចស៊ីកូ Aeromexico បានសម្រេច​បញ្ឈប់ប្រតិបត្តិការ​នៃយន្តហោះ 737 MAX 8 ទាំង០៦គ្រឿងរបស់ខ្លួន រហូតទាល់តែមាន​ព័ត៌មានច្បាស់លាស់ពី ការស៊ើបអង្កេត​ជុំវិញករណីធ្លាក់យន្តហោះ​អាកាសចរណ៍​ Ethiopian Airlines កាលពីថ្ងៃអាទិត្យ។

* រីឯខាងក្រោមនេះវិញ គឺជាបញ្ជីឈ្មោះ​នៃប្រទេសដែលនៅបន្តការហោះហើរ​​នៃយន្តហោះ Boeing 737 MAX 8

សហរដ្ឋអាមេរិក៖ អាជ្ញាធរ​អាកាសចរណ៍​​អាមេរិក FAA បានឲ្យថា យន្តហោះ Boeing 737 MAX 8 នៅតែបន្តធ្វើប្រតិបត្តិការ​ជា​ធម្មតា ប៉ុន្តែខ្លួននឹងចាត់​វិធានការភ្លាមៗ បើមានបញ្ហា​ផ្នែកសុវត្ថិភាព។ អាកាសចរណ៍​អាមេរិក Southwest Airlines ដែលមាន​​​យន្តហោះ Boeing 737 MAX 8 ដល់ទៅ ៣៤គ្រឿង​បាន​បញ្ជាក់ថា ​ក្រុមហ៊ុន​នៅ​តែ​មានការជឿជាក់ខ្ពស់​​លើ​​សុវត្ថិភាព​​ នៃការ​ហោះហើរ​​​របស់​ក្រុមយន្តហោះ Boeing ទាំងជាង ៧៥០គ្រឿង​​របស់ខ្លួន។ ចំណែក​អាកាសចរណ៍ American Airlines ​ក៏​បាន​គ្រោង​បន្តប្រតិបត្តិការ 737 MAX 8 ទាំង ០២គ្រឿង​​របស់ខ្លួន​ផងដែរ។

រុស្ស៊ី៖ អាកាសចរណ៍​រុស្ស៊ី S7 ​បាន​ឲ្យដឹងថា ខ្លួនកំពុងតាម​ដានការស៊ើបអង្កេត ជុំវិញករណីធ្លាក់​យន្តហោះនៅអេត្យូពី​យ៉ាង​ដិត​ដល់ និងកំពុងតែ​ស្ថិតក្រោមការទាក់ទង​ជាមួយ Boeing ផ្ទាល់ ប៉ុន្តែពុំទទួល​បានការបង្គាប់ឲ្យផ្អាក​ការ​ហោះហើរ 737 MAX 8 ឡើយ។

តួកគី៖ នាយកប្រតិបត្តិរបស់​អាកាសចរណ៍ Turkish Airlines ដែលមាន​យន្តហោះ Boeing 737 MAX 8 ចំនួន ១១គ្រឿង​បាន​ឲ្យ​ដឹងថា ​ក្រុមហ៊ុន​អាកាសចរណ៍នេះ​នឹងនៅតែបន្ត​ហោះហើរ MAX 8 តាមកាលវិភាគ​ធម្មតាដដែល។

អ៊ីតាលី៖ អាកាសចរណ៍ Air Italy បានប្រកាសថា ខ្លួននឹងអនុវត្តន៍រាល់​សេចក្តីណែនាំ​ទាំងអស់ ដើម្បីធានាឲ្យបាន​នូវសុត្ថិភាព​​​និងសន្តិសុខខ្ពស់​បំផុត ប៉ុន្តែទន្ទឹមនឹងនេះ​​យន្តហោះ Boeing 737 MAX 8 ទាំងអស់នៅតែ​បន្តធ្វើការហោះហើរ​ក្នុងផ្ទៃអាកាសដដែល​។

អ៊ីស្លង់៖ ​ក្រុមហ៊ុន​អាកាសចរណ៍ Icelandair មានយន្តហោះ Boeing 737 MAX 8 ចំនួន០៣គ្រឿង។ អាកាសចរណ៍​​បានលើក​ឡើងថា វាដូចជាឆាប់ពេកក្នុង​ការភ្ជាប់ទំនាក់ទំនងរវាងករណី​ធ្លាក់យន្តហោះ​នៅអេត្យូពី និងនៅឥណ្ឌូណេស៊ី ​ដូច្នេះពុំទាន់​​មាន​អ្វីគួរឲ្យព្រួយបារម្ភ​សម្រាប់ម៉ូដែលយន្តហោះ​​នេះឡើយ តែអាច​មានការ​ប្រែប្រួលនា​ពេលខាងមុខ ដោយអាស្រ័យ​លើ​លទ្ធ​​ផល​នៃ​ការស៊ើបអង្កេត។

ន័រវែស៖ អាកាសចរណ៍ Air Shuttle ដែលមាន​យន្តហោះ Boeing 737 MAX 8 ចំនួន១៨គ្រឿង បានសម្រេចរក្សា​ការហោះហើរ​​​​របស់ពួកវាដដែល។

ឌូបៃ៖ អាកាសចរណ៍ Flydubai បានប្រាប់ថា កំពុងតែឃ្លាំមើល​ស្ថានការណ៍ តែ​មានទំនុកចិត្តខ្ពស់​​​លើ​សុវត្ថិភាពនៃ​​​ក្រុម​​យន្ត​ហោះរបស់ខ្លួន។

អូម៉ង់៖ អាកាសចរណ៍ Oman Air កំពុងតែទាក់ទងជាមួយក្រុមហ៊ុន Boeing ប៉ុន្តែយន្តហោះ 737 MAX 8 ទាំងប៉ុន្មានរបស់ខ្លួន​នៅតែបន្តប្រតិបត្តិការជាធម្មតាដដែល។

កាណាដា៖ អាកាសចរណ៍ធំៗ​ពីររបស់កាណាដាគឺ Air Canada និង WestJet បានបង្ហាញ​ការទុកចិត្តខ្ពស់​ចំពោះ Boeing 737 MAX 8 ហើយ​យន្តហោះ​របស់ខ្លួនទាំងអស់ នៅតែដំណើរការ​ជាធម្មតាដដែល។

គួរជម្រាបថា ប្រអប់ខ្មៅទាំងពីរ​នៃយន្តហោះ MAX 8 របស់​អាកាសចរណ៍ Ethiopian ត្រូវបានរកឃើញ​កាលពីថ្ងៃចន្ទ​​ម្សិលមិញ​ ខណៈគ្រប់គ្នាកំពុង​តែរង់ចាំអ៊ុត​មើលលទ្ធផល​នៃការស៊ើបអង្កេត ថា តើមូលហេតុ​នៃការធ្លាក់ដូចគ្នាទៅនឹងករណីធ្លាក់​យន្ត​ហោះ​របស់​អាកាសចរណ៍​ឥណ្ឌូណេស៊ី Lion Air ដែលបាន​កើតឡើងកាលពី ០៥ខែមុនដែរ ឬក៏អត់៕​