​(វ៉ាស៊ីនតោន)៖ ក្រសួង​ការពារជាតិ​អាមេរិក បានឱ្យដឹង​នៅក្នុងសប្ដាហ៍នេះ​ថា ខ្លួននឹងចាប់ផ្ដើម​ផលិតគ្រឿងបន្លាស់​សម្រាប់​ការធ្វើ តេស្ដប្រព័ន្ធ​មីស៊ីលបាញ់​ចេញពីដី ដែលដំបូងឡើយ​ស្ថិតក្រោមបម្រាម​ នៃសន្ធិសញ្ញាអាវុធ​នុយក្លេអ៊ែរ (INF) រវាងរុស្ស៊ី និង​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅ​ព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

ចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃចន្ទ​សប្ដាហ៍នេះ អ្នកនាំពាក្យ​មន្ទីរបញ្ចកោណ លោកស្រី មីឈែលឡេ បាលដេនហ្សា (Michelle Baldanza) បានបញ្ជាក់ទៀត ថា សហរដ្ឋអាមេរិក​នឹងចាប់ផ្ដើមផលិត​គ្រឿងបន្លាស់ និងសមាសភាព​ដែលគាំទ្រដល់​ការអភិវឌ្ឍ និងការធ្វើតេស្ដ​ប្រព័ន្ធមីស៊ីល​បាញ់ចេញពីដី។ ប៉ុន្តែទន្ទឹមគ្នា​លោកស្រីក៏​បានសង្កត់ដែរថា ទីក្រុង​វ៉ាស៊ីនតោន​អាចនឹងពិចារណា ឬបញ្ឈប់​គម្រោងនេះ​ទៅវិញ បើសិនជា​រុស្ស៊ីត្រឡប់មកអនុវត្តន៍​តាម យ៉ាងពេញលេញ​វិញនូវ​សន្ធិសញ្ញា INF មុននឹងអាមេរិក​សម្រេចចិត្តដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញា​នេះនៅ​ខែសីហា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ការប្រកាសពីការ​ចាប់ផ្ដើមអនុវត្តន៍ កម្មវិធី​មីស៊ីលរបស់​សហរដ្ឋអាមេរិក កើតមានឡើង​ក្រោយរដ្ឋបាល​លោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លង​ទៅប្រកាសដក​សហរដ្ឋអាមេរិក​ ចេញពីសន្ធិសញ្ញាកំណត់អានុភាពអាវុធមីស៊ីល INF ដែលបានចុះ​ហត្ថលេខាជាមួយ​រុស្ស៊ីកាលពី ឆ្នាំ១៩៨៧។

សន្ធិសញ្ញានេះ​បានហាមប្រទេស​​មហាអំណាច​ទាំង ២ ក្នុងការផលិត និងអភិវឌ្ឍមីស៊ីល​បាញ់ចេញពីដីដែល​អាចបាញ់​បានចំងាយពី ៥០០-៥,០០០គីឡូម៉ែត្រ។ ប៉ុន្តែបច្ចុប្បន្ន ទាំង​សហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងចាប់ផ្ដើម​នីតិវិធីរយៈពេល​០៦ខែ ដកខ្លួនចេញពី​សន្ធិសញ្ញានេះ​ហើយ ខណៈមាន​ការព្រួយបារម្ភជា​ច្រើនថា ការរត់ប្រណាំង​សព្វាវុធអាច​នឹងផ្ទុះឡើង​ជាថ្មី៕