(គូឡាឡាំពួរ)៖ ថ្ងៃសុក្រនេះ គឺជាថ្ងៃរំលឹក​ខួប០៥ឆ្នាំ នៃការបាត់ខ្លួន​ដោយអាថ៌កំបាំង​របស់យន្ដហោះ Boeing 777 ជើងហោះ​ហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា។ នេះបើតាមការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន ABC News នៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។

ជើងហោះហើរ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយវាបានក្លាយ​ជាសោកនាដកម្ម​ដ៏ធំមួយ នៅក្នុងវិស័យ​អាកាស​ចរណ៍​ស៊ីវិល ហើយមក​ទល់ពេលនេះ​ ក៏ពុំទាន់មាន​ការបញ្ជាក់ពីមូលហេតុ​បាត់ខ្លួននេះ​ដែរ បើទោះជាបំណែក​យន្ដហោះជា​ច្រើន ត្រូវបានគេប្រទះ​ឃើញ​ក៏ដោយ។

យ៉ាងណាក៏ដោយ នាឱកាសខួប០៥ឆ្នាំនៃ​ការបាត់​យន្តហោះ MH370 នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ (Mahathir Mahamad) បានសន្យាថានឹងបន្តការស្វែងរកយន្តហោះ ដើម្បីទម្លាយភាព​អាថ៌កំបាំងនៅពីក្រោយករណីនេះ ឲ្យបាន។ ថ្លែងជាលើក​ដំបូងនៅចំពោះមុខវត្តមាន​នៃគ្រួសារសាច់ញាតិ​​​ជនរងគ្រោះ នៅក្នុងសប្ដាហ៍នេះលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីបាន​លើកឡើងដូច្នេះថា «ដរាបណាក្តី​សង្ឃឹមនៅតែមាន យើងនឹងបន្តរិះរកវិធីសាស្រ្ត និងមធ្យោបាយ​ ដើម្បីរកឲ្យ​ឃើញការពិត​​អំពីជោគវាសនា​នៃយន្តហោះនេះ»។ លោក Mahathir បានបន្តថា «ការបាត់បង់​យន្តហោះគឺ​ជារឿងមួយ តែ​ការបាត់បង់មនុស្ស​គឺជារឿងផ្សេងទៀត ព្រោះថាអ្នកមិន​អាចគេងលក់ស្រួលឡើយ ដោយសារការ​គិ​ត​​ពី​អ្វី​ដែល​បាន​​កើត​ឡើង ហើយអ្នក​នៅ​បន្ត​សួរខ្លួនឯងនូវសំណួរ​មួយនេះ តែអ្នកគ្មាន​ចម្លើយ​នោះទេ»

គួររំលឹកថា កាលពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជើង​ហោះហើរ MH370 ដឹកអ្នកដំណើរ និងក្រុម​សហសេវិក ២៣៩នាក់ ភាគច្រើនជាជនជាតិចិន​ បានបាត់ចេញ​ពីប្រព័ន្ធរ៉ាដា ក្រោយហោះចេញ​ពី​ទីក្រុង​គូឡាឡាំពួរ ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង។

កន្លងទៅ​ប្រតិបត្តិការរុករកទ្រង់ទ្រាយធំ​យ៉ាងតិច​ចំនួន ០២ ត្រូវបានធ្វើឡើង​ដើម្បីតាមស្វែងរក​យន្តហោះ MH370 ក្នុងនោះ រួមមាន​ប្រតិបត្តិការផ្លូវ​ការ ដែលប្រព្រឹត្ត​ទៅក្រោមការដឹកនាំរបស់​អាជ្ញាធរម៉ាឡេស៊ី ចិន និងអូស្រ្តាលី ហើយត្រូវបាន​បញ្ឈប់​​កាល​​ពីខែមករា ឆ្នាំ២០១៧ ក្រោយចំណាយលុយ​ប្រមាណ ១៥០លានដុល្លារ និងពុំមានលទ្ធផល​គួរឲ្យកត់​សម្គាល់អ្វី។

រីឯមួយទៀតគឺត្រូវបានធ្វើឡើង​ក្រោមគោលការណ៍រកឃើញ​ ទើប​ទទួលបានថវិកា ​​ដោយក្រុមហ៊ុនឯកទេស​ផ្នែករុករកផ្លូវ​សមុទ្រ​ Ocean Infinity របស់​សហរដ្ឋអាមេរិក ដែលបានបញ្ចប់​ទៅកាលពីឆ្នាំមុន ក្រោយចំណាយពេល ៩០ថ្ងៃ អង្កេតមើលផ្ទៃទឹកទំហំ​​១១២,០០០គីឡូម៉ែត្រ​ក្រឡា​​នៅភាគខាងត្បូង​មហាសមុទ្រឥណ្ឌា ប៉ុន្តែសុទ្ធតែពុំបាន​ផ្តល់តំរុយអ្វីដូចគ្នា ដើម្បីអាចនាំទៅ​រកការ​​បំបែក​​​ករណីបាត់យន្តហោះ​ដែលពោរពេញ​ទៅដោយអាថ៌កំបាំង​នេះឡើយ៕