(ស្រ៊ីណាហ្គា)៖ យ៉ាងហោចណាស់​​មនុស្សចំនួន ១៨នាក់​បានរងរបួស​​នៅ​ក្នុងការបំផ្ទុះ​មួយ​នាចំណងរថយន្តក្រុងក្នុង​តំបន់កាស្មៀរ នៅក្នុងថ្ងៃព្រហស្បតិ៍​នេះតែម្តង ខណៈដែល​ស្ថានការណ៍​ជម្លោះរវាងប្រទេស​ឥណ្ឌា និងប៉ាគីស្ថាន ទើបបានធូរស្រាល​បន្តិច។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។

អាជ្ញាធរឥណ្ឌា​បានបញ្ជាក់​ទៀតថា ការផ្ទុះខាងលើនេះ​គឺកើតមានឡើងនៅចំណត​រថយន្ត​ក្រុង​ដ៏សំខាន់​បំផុតមួយនៅទីក្រុង​ចាំមូ (Jammu) នៃតំបន់កាស្មៀរ​ប៉ែកខាង​ឥណ្ឌាគ្រប់គ្រង ប៉ុន្តែគេ​នៅ​មិនទាន់ដឹងពីជន​ ដែលស្ថិតនៅពីក្រោយទង្វើ​នេះ​ឡើយ។ ព័ត៌មាន​បានបន្តទៀតថា មនុស្ស​ ១៨នាក់បានរងរបួសធ្ងន់ និងស្រាល ដោយពួកគេត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យ​​ ដើម្បី​សម្រាកព្យាបាលរបួសគ្រប់ៗគ្នាហើយ​ នៅក្នុងតំបន់​ខាងលើ។

គួរបញ្ជាក់ថា មនុស្សម្នាជាច្រើននាក់​​បានមកឈរកកុញ​ប្រកប​ដោយភាពតក់ស្លុត នៅជុំវិញ​កន្លែងផ្ទុះ ខណៈកងកម្លាំង​​មានសមត្ថកិច្ចឥណ្ឌាជាច្រើននាក់​ ត្រូវបានដាក់ពង្រាយ​​នៅតំបន់​នេះដើម្បី​ការពារ​សន្តិសុខ និងស៊ើបអង្កេតរកប្រភពគ្រឿងផ្ទុះ។ សម្រាប់​​ស្ថានការណ៍​​នៅតំបន់​ព្រំដែន​ប៉ាគីស្ថាន និងឥណ្ឌា​ខាងលើនេះ គឺ​មិនទាន់មាន​ភាពប្រសើរឡើង​​ខ្លាំងនៅឡើយទេ ដោយភាគី​ទាំងសងខាងនៅ​តែមានការប្រុងប្រយ័ត្ន​ខ្ពស់ជាប់ជានិច្ច៕