(រូម៉ានី)៖ រដ្ឋមន្ត្រីការពារជាតិ​រូម៉ានី​លោក ហ្គាព្រីអ៊ែល ឡេស (Gabriel Les)​ បានប្រកាសថា នីតិវិធីទិញ​យន្ដហោះចម្បាំង F-16 ចំនួន ៣៦គ្រឿង បានចាប់ផ្ដើម​ដំណើរការ​ជាផ្លូវការហើយ ដោយវាជាផលិតផល​របស់​សហរដ្ឋអាមេរិក ក្នុងមួយ​គ្រឿង​មានតម្លៃ​ចន្លោះពី ១៤-១៨លានដុល្លារ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។

ថ្លែងតាមកញ្ចក់​ទូរទស្សន៍រដ្ឋនៅ​ថ្ងៃពុធសប្ដាហ៍នេះ លោក Gabriel បានបញ្ជាក់យ៉ាងដូច្នេះ​ថា «យើងកំពុងស្ថិតនៅក្នុងនិតិវិធីទិញយន្ដហោះ F-16 ចំនួន ១៦គ្រឿងបន្ថែម​ទៀត ដើម្បីជំនួសយន្ដហោះ​ចម្បាំងស៊េរី​ចាស់ MiGs ដែល​យើងមាន»

គួរបញ្ជាក់ថា បច្ចុប្បន្ន​រូម៉ានីនៅតែបន្តរក្សា​ការចំណាយ លើកញ្ចប់​ថវិកាយោធា​ក្នុងកម្រិតខ្ពស់​ដដែល គឺ ០២ភាគរយនៃផលិតផលក្នុងស្រុកសរុប រយៈពេល ០៣ឆ្នាំជាប់ៗគ្នា ឱ្យស្របទៅ​តាមបទដ្ឋានស្ដង់ដារ​របស់អង្គការណាតូ ឬដែលអាមេរិក​ចង់បាន។ ម្យ៉ាងវិញទៀត រូម៉ានី​ទទួលបានយន្ដហោះ​ចម្បាំងកែច្នៃ​បន្ថែម F-16 ចំនួន ១២គ្រឿង​ពីប្រទេសព័រទុយហ្គាល់​កាលពីឆ្នាំ២០១៦ ក្រោមកិច្ចសន្យា​មានតម្លៃជាង ៧០០​លានដុល្លារ៕