​(អង់ការ៉ា)៖ តួកគីមិនមែនជា​ទាសករដាច់ថ្លៃរបស់​សហរដ្ឋអាមេរិក​ឡើយ ហើយមាន​សិទ្ធិពេញលេញ​ ក្នុងការទិញ​អាវុធពីបណ្ដា​ប្រទេស​ដទៃ ក្នុងនោះកុំថា​ឡើយប្រព័ន្ធមីស៊ីល​ការពារដែន​អាកាស S-400 សូម្បីតែ S-500 ក៏តួកគីអាច​នឹងពិចារណា​ទិញពី​រុស្ស៊ីដែរ។ នេះបើតាមប្រធានាធិបតីតួកគី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។

ការលើកឡើង​ខាងលើរបស់​ប្រធានាធិបតី​តួកគី លោក អឺដូហ្កាន់ ធ្វើឡើងក្នុងបទ​សម្ភាសន៍ជាមួយទូរទស្សន៍​តួកគី Kanal 24 នៅថ្ងៃពុធ​សប្ដាហ៍នេះ និងជាការឆ្លើយតប​ទៅនឹង​សហរដ្ឋអាមេរិក ដែលបាន​ព្រមានដាក់ទណ្ឌកម្ម​ប្រឆាំងនឹងទីក្រុង​អង់ការ៉ា ជុំវិញគម្រោង​ទិញ​ប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនោះ។

លោក អឺដូហ្គាន់ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «យើងគឺជា​ប្រទេស​ឯករាជ្យ និងមិនមែន​ជាទាសករ​របស់ប្រទេស​ណាមួយ... យើងមានសិទ្ធិ​ពេញលេញ​ក្នុងការជ្រើសរើសដៃ​គូ​ពាណិជ្ជកម្ម និងអ្នកផ្គត់ផ្គង់​អាវុធ... ហើយការជ្រៀតជ្រែក​ក្នុងការទិញប្រព័ន្ធ​មីស៊ីល S-400 អាចនឹងបង្ខំឱ្យតួកគី​ពិចារណាទិញ S-500 ដែល​គ្រោង​នឹងត្រូវ​ដាក់ឲ្យដំណើរការ​សម្រាប់​យោធារុស្ស៊ី​នៅឆ្នាំ២០២០ ខាងមុខនេះ»

គួរបញ្ជាក់ថា បច្ចុប្បន្ន​តួកគី​កំពុងទទួល​រងសម្ពាធ និងការព្រមានដាក់​ទណ្ឌកម្មពី​សហរដ្ឋអាមេរិក ជុំវិញគម្រោង​ទិញ​ប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី។ មិនតែប៉ុណ្ណោះ​ក្រុមមន្ត្រី​អាមេរិក​ជាច្រើននាក់ ក៏បានក្រើនរំឮក​ទីក្រុងអង់ការ៉ា​ជាច្រើនដង​ផងដែរថា ទីក្រុងវ៉ាស៊ីនតោន​នឹងលុបចោលគម្រោង​លក់យន្ដហោះ​ចម្បាំង F-35 និងប្រព័ន្ធ​មីស៊ីល Patriot បើសិនជាមិន​ព្រមលុបចោល​ការទិញប្រព័ន្ធមីស៊ីលពី​រុស្ស៊ីទេ​នោះ៕