(អង់ការ៉ា)៖ ទោះបីជាត្រូវបញ្ជាក់​ប៉ុន្មានដងក៏ដោយ ក៏ប្រធានាធិបតីលោក តាយយីព អឺដូហ្គាន់ នៅតែអាចធ្វើ​បានបន្តទៀតទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលព្យាយាម​ជជីក​សួររឿងនេះ ខណៈដែល​សហរដ្ឋអាមេរិក និង​អង្គការ NATO កំពុងតែរិះរក​គ្រប់វិធីមិនលែង​ដើម្បីបង្ខំឲ្យតួកគីលុបចោល​កិច្ចព្រមព្រៀងទិញ​ប្រព័ន្ធ​មីស៊ីល S-400 ដែលបាន​ចុះហត្ថលេខា​​ជាមួយរុស្ស៊ីរួចបាត់ទៅហើយតាំងពី​ឆ្នាំ២០១៨នោះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។

លោក អឺដូហ្គាន់ បានធ្វើការបញ្ជាក់​ដដែលៗដូចខាង​លើនេះ នៅក្នុង​កិច្ច​តស៊ូ​មតិ​មួយ​ដែលរៀបចំឡើង​ក្នុងរដ្ឋធានី​អង់ការ៉ា នៅ​មុខក្រុម​មន្ត្រី​ដែលមានការព្រួយបារម្ភ​​ចំពោះ​សម្ពាធទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធ​មិត្ត NATO ដែលកាន់តែ​ខ្លាំងឡើង ទៅលើរដ្ឋាភិបាល​តួកគីដែលជា​សមាជិកមួយ​ដែលនៃអង្គការ​ប្រឆាំងរុស្ស៊ីមួយនេះ។ ឆ្លើយតប​ជាថ្មី​ចុងក្រោយ​ម្តងទៀតកាលពីល្ងាចថ្ងៃពុធ លោក អឺដូហ្គាន់ បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «វាបានចប់អស់​ទៅហើយ... យើង​គឺតួកគី... ជាប្រទេស​ឯករាជ្យមួយ ហើយក៏មិនមែន​ជាទាសករ​របស់​នរណា (ប្រទេស) នោះឡើយ... យើងបាន​ចុះហត្ថលេខា​រួចហើយ ដោយ​វានឹងត្រូវ​បញ្ជូនមក​ប្រទេសយើង​ដំបូងនៅ​ខែកក្កដា ខាងមុខនេះ...»

គួរបញ្ជាក់ថា ការឆ្លើយតប​របស់លោក អឺដូហ្គាន់ សាជាថ្មី​ដែលគេមិន​បានចាំជាលើក​ទីប៉ុន្មាន​​ទៅហើយនេះ គឺបានកើតមាន​ឡើង​ក្រោយពីមេបញ្ជាការ​យោធាអាមេរិចប្រចាំ​តំបន់អឺរ៉ុប លោក ឃើធីស ស្កាផារ៉ូទី (Curtis Scaparrotti) បានលើកឡើងក្នុងកិច្ចប្រជុំ​មួយ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិក​មិនគួរលក់​យន្តហោះ​​ចម្បាំង F-35 ចំនួន ១០០គ្រឿង ឲ្យទៅប្រទេស​តួកគីនោះទេ ប្រសិនបើតួកគីនៅតែ​ពុំ​​ព្រមស្តាប់ហើយទិញយក​ប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ព្រោះថាប្រព័ន្ធ​ការពារដែនអាកាស​នេះ ​​គឺជាបញ្ហា​សម្រាប់​រាល់​យន្តហោះចម្បាំង​របស់អាមេរិក ជាពិសេស​គឺ F-35 តែម្តង៕