(វ៉ាស៊ីនតោន)៖ អគ្គមេបញ្ជាការ​យោធាអាមេរិកប្រចាំ​នៅតំបន់អឺរ៉ុប​បាននិយាយថា សហរដ្ឋអាមេរិក​ពុំគួរលក់យន្តហោះ​ចម្បាំង​ F-35 ឲ្យទៅតួកគីឡើយ ប្រសិនបើ​ទីក្រុងអង់ការ៉ាទិញប្រព័ន្ធមីស៊ីល​ការពារអាកាសរបស់​រុស្ស៊ី។ នេះបើ​​តាម​ការ​ដក​ស្រង់ការ​​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងព្រឹទ្ធសភា​អាមេរិកនាថ្ងៃអង្គារសប្តាហ៍​នេះ អគ្គមេបញ្ជាការ​យោធាអាមេរិកប្រចាំ​នៅតំបន់អឺរ៉ុប​លោក ឃើធីស ស្កាផារ៉ូទី (Curtis Scaparrotti) បានលើកឡើងថា ប្រទេសរបស់​លោកមិនគួរលក់យន្តហោះ​ចម្បាំង F-35 ឲ្យទៅប្រទេស​តួកគីនោះទេ ប្រសិនបើតួកគីនៅតែ​ពុំ​​ព្រមស្តាប់ហើយទិញយក​ប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ព្រោះថាប្រព័ន្ធ​ការពារដែនអាកាស​នេះ ​​គឺជាបញ្ហា​សម្រាប់​រាល់​យន្តហោះចម្បាំង​របស់អាមេរិក ជាពិសេស​គឺ F-35 តែម្តង។

ក្នុងថ្ងៃដដែល​ក្រសួងការបរទេសអាមេរិក​ក៏បានឲ្យ​ដឹងផងដែរថា ទីក្រុងវ៉ាស៊ីនតោន​បានបញ្ជាក់ប្រាប់ទីក្រុង​អង់ការ៉ារួចហើយថា ​ការ​ទិញប្រព័ន្ធ​ការពារដែន​អាកាស​រុស្ស៊ី នឹងនាំទៅរក​ការវាយតម្លៃ​ឡើងវិញ​លើការចូលរួមរ​បស់តួកគី នៅក្នុងកម្មវិធីអភិវឌ្ឍន៍​​​យន្តហោះ​ចម្បាំង F-35។

គួរជម្រាបថា ទោះបីជាអាមេរិកបាន​ព្រមានជាច្រើនដង​ មិនឲ្យទិញប្រព័ន្ធមីស៊ីល​រុស្ស៊ី S-400 ក៏ដោយក៏តួកគីនៅតែព្យាយាមបញ្ជាក់ថា ការ​ទិញប្រព័ន្ធ​មីស៊ីលនេះ​គឺមិនអាចផ្លាស់​ប្តូរនោះទេ ហើយពួកវានឹងត្រូវប្រគល់​មកដល់ដៃតួកគី នារដូវស្លឹកឈើជ្រុះ​ឆ្នាំ២០១៩​​នេះ ពោលគឺនៅចន្លោះ​ខែកញ្ញា និងខែធ្នូ ខណៈតួកគីមាន​គម្រោងទិញ​​យន្តហោះចម្បាំង F-35 ​​ប្រមាណ ១០០គ្រៀងពីអាមេរិក​៕