(អាហ្វ្រិក)៖ ការសិក្សាស្រាវជា្រវ​ជាច្រើនបានបង្ហាញថា ប្រជាជនអាហ្វ្រិក ៤១លាននាក់ នឹងកើតជំងឺទឹក​នោមផ្អែមនៅ​ឆ្នាំ២០៤៥ ហើយដែលចំនួននេះ​នឹងធ្វើឱ្យទ្វីបអាហ្រ្វិក​ទាំងមូលនាំ​មុខគេ ក្នុងកំណើនអ្នកកើតជំងឺ​មួយនេះនៅលើ​ពិភពលោក។ នេះបើតាម​ការដកស្រង់ ចេញផ្សាយ​ដោយ​សារព័ត៌មានបារាំង Le Monde នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

នៅទ្វីប​អាហ្រ្វិក​ជាពិសេសគឺប្រទេស​កូឌីវ័រ ជំងឺមិន​ឆ្លងបាន និងកំពុងកើន​ឡើងគួរឱ្យកត់​សម្គាល់ ហើយវាក៏ជាមូលហេតុ​ដ៏ចម្បងនៃការ ស្លាប់របស់​ប្រជាជន​អាហ្វ្រិកផងដែរ។ ជាក់ស្ដែង​បើតាមអង្គការ​សុខភាព​ពិភពលោក (WHO) កាលពីឆ្នាំ២០១៨ ការស្លាប់របស់​ប្រជាជន​អាហ្វ្រិក ៣៧ភាគរយ គឺមានជាប់ពាក់ព័ន្ធ​នឹងជំងឺមិនឆ្លងក្នុង​នោះមានដូចជា ជំងឺទឹកនោម​ផ្អែម ជំងឺមហារីក និងជំងឺស្ទះសសៃ​ឈាម​បេះដូង​ជាដើម។

លើសពីនេះ​ទៅទៀត អង្គការអន្តរជាតិ​មួយនេះក៏បានឱ្យដឹងដែរថា កាលពីឆ្នាំ២០១៧ ជំងឺទឹកនោមផ្អែម​បានផ្ដាច់​យកជីវិត​ប្រជាជនអាហ្វ្រិក ៣០០,០០០នាក់ ហើយប្រជាជន ៤១លាននាក់​អាចនឹងកើត​ជំងឺនេះ ​នៅទូទាំងទ្វីអាហ្រ្វិក​ទាំងមូល​នៅឆ្នាំ២០៤៥។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក ទី្វបអាហ្រ្វិក​នឹងក្លាយជាតំបន់រីកសាយ​ជំងឺខ្លាំងជាងគេបំផុតនៅលើ​ពិភពលោក ខណៈ ករណីនៃជំងឺ​ផ្សេងៗពីគ្នាបានកើនឡើង​រហូតដល់ ១៥៦ភាគរយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។

ដោយសារតែ​ប្រជាជន​នៅតំបន់អាហ្វ្រិក ជាឧទាហរណ៍​នៅកូឌីវ័រមិន​សូវជាយកចិត្តទុកដាក់ ឬអត់មានការព្រួយបារម្ភ​ចំពោះជំងឺទឹក​នោមផ្អែម ហើយឥឡូវពួកគេមិនសូវជាចូលចិត្ត​ហូបអាហារ ដែល​ជាលក្ខណៈប្រពៃណីរបស់ខ្លួនទៀតនោះឡើយ ដោយបែរជា​ងាកមកហូបអាហារផលិត​ស្រាប់ចេញពី​រោងចក្រ ដែលមាន​ជាតិខ្លាញ់ច្រើន ប្រៃពេក និងផ្អែមពេកជាដើម៕