(ស្រីលង្កា)៖ ប៉ូលិសនៃប្រទេស​ស្រីលង្កា​នាថ្ងៃអង្គារនេះ បានតាមរកឃើញ​ត្បូងពេជ្រ​ដ៏កម្រ​និង​​មានតម្លៃ​​មួយគ្រាប់យក​មកវិញ បន្ទាប់ពីវា​ត្រូវ​បាន​ក្រុម​ចោរលួចយកកាលពី​ឆ្នាំមុន។ នេះបើតាម​ការ​ដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃ​អង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ត្បូងពេជ្រខាង​លើមានតម្លៃប្រហែល ២៧លានដុល្លារ។ វាត្រូវអាជ្ញាធរ​ស្រីលង្កាយកបាន​មកពីជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​​ពេជ្រ​មួយគ្រាប់នេះ កាលពីឆ្នាំ២០១៨ នៅឯទីក្រុង ផាន់នីពីទីយ៉ា (Pannipitiya) ជាប់រដ្ឋធានី កូឡុំបូ (Colombo) នៃប្រទេសស្រីលង្កា។ ជន​សង្ស័យ​នេះ​ត្រូវប៉ូលិសក្របួច​បាននៅក្រុង ផាណាឌូរ៉ា (Panadura) ភាគនិរតីប្រទេស​ដីកោះ​នេះ ជាមួយត្បូង​មានតម្លៃជាច្រើន​ផ្សេងទៀត។

គួរជម្រាបថា ​បើតាមអ្នក​នាំពាក្យស្នងការប៉ូលិស​ស្រីលង្កា ត្បូងពេជ្រខាង​លើត្រូវបានលួចពីឈ្មួញ​ត្បូង​ម្នាក់ កាលពីខែវិច្ឆិកា​ឆ្នាំមុន នៅ​ពេល​ចោរមួយ​ក្រុម រួមមានទាំងជន​សង្ស័យខាងលើ បានក្លែងខ្លួន​ជាប៉ូលិស​ហើយសម្រុក​ចូលទៅក្នុងផ្ទះរបស់ឈ្មួញត្បូង​​រូប​នោះ ក្រោមការបង្គាប់​បញ្ជាពីមេគ្រឿង​ញៀនម្នាក់។ ខណៈនេះ ការស៊ើប​អង្កេតកំពុងតែបន្ត​ប្រព្រឹត្តទៅ ដើម្បីឈាន​ដល់​ការ​ចាប់​ខ្លួនជន​សង្ស័យដែល​នៅសល់៕