(ឡាហាវ៉ាន់)៖ ប្រទេសគុយបា​កំពុងបន្តប្តេជ្ញា​កាត់បន្ថយ​ភាពពឹងផ្អែក​លើ​ឥន្ធនៈ​​ហ្វូស៊ីល តាមរយៈការបំលែង​ពន្លឺ​ព្រះអាទិត្យ​​ ឲ្យ​​​ទៅ​ជា​ថាមពលដើម្បី​ប្រើប្រាស់វិញ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃ​អង្គារ ទី០៥​ ខែមីនា ឆ្នាំ២០១៩។

បច្ចុប្បន្នប្រទេស​ដីកោះនៅតំបន់ការី​បៀននេះមានសួនផ្ទាំងសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យ​ប្រមាណ ៦០​កន្លែង​​ស្រាប់​​រួច​​ស្រេច​​ទៅហើយ ខណៈរដ្ឋាភិបាល​​គុយបាកំពុងមាន​គ្រោង នឹងធ្វើការសាងសង់​ជាបន្តបន្ទាប់​ថែមទៀត នៅជុំវិញ​ប្រទេស។ ​បើយោង​តាម​អ្នកជំនាញ​នៅគុយបា ដើម្បីផលិត​អគ្គិសនីបាន​មួយគីឡូវ៉ាត់ពីពន្លឺ​ព្រះអាទិត្យ គេត្រូវចំណាយ​ ០៦សេន ដែលវា​ថោកជាង​​​ការប្រើឥន្ធនៈ​ហ្វូស៊ីល ដែលថ្លៃចន្លោះពី ១៥-២០សេន ខណៈដែនដី​គុយបាគឺស្ថិត​នៅតំបន់​ជិតខ្សែអេក្វាទ័រ ដែលស្រូប​ពន្លឺព្រះអាទិត្យ​បានច្រើនបំផុត​ក្នុង​មួយឆ្នាំៗ។

គួរជម្រាបថា ការកែប្រែការ​ផលិតថាមពល​​​នៅក្នុងប្រទេស​គុយបា ​ឲ្យទៅរកប្រភព​ថាមពលដែលអាច​កើតឡើងវិញ​បាន គឺជា​​សសរស្តម្ភ​​មួយនៃកម្មវិធីកំណែ​ទម្រង់សេដ្ឋកិច្ចរបស់​រដ្ឋាភិបាលគុយបា ដែលមានគោលដៅ​កាត់បន្ថយ​ការ​នាំ​ចូល​ឥន្ធនៈ​ដែល​​មានតម្លៃ​ថ្លៃ​​។ ប្រភពធនធាន​ថាមពល​​​​អាចកើតឡើងវិញ​បានដែលមានស្រាប់​របស់គុយបា បូករួម​ជាមួយ​មូលដ្ឋាន​ដែលទើប​សាងសង់​ហើយថ្មីៗ​ត្រូវគេរំពឹងថា នឹងអាចផលិត​ថាមពលបាន​ជាង ១,១០០មេហ្គាវ៉ាត់ក្នុង​ឆ្នាំ២០១៩នេះ៕