(កាស្មៀរ)៖ អាជ្ញាធរឥណ្ឌា​នៅថ្ងៃអង្គារនេះ​បានឱ្យដឹងថា ជនសកម្មប្រយុទ្ធសរុប០២នាក់ បានស្លាប់​នៅក្នុងការបាញ់ប្រហារ​តបតគ្នាជាមួយយោធា នៅឯតំបន់​កាស្មៀរប៉ែកខាងទឹកដី ដែលគ្រប់គ្រង​ដោយឥណ្ឌា។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ហេតុការណ៍​វាយប្រយុទ្ធគ្នា​ខាងលើ កើតឡើងកាលពីយប់​ថ្ងៃចន្ទ​នៅឯតំបន់ មែម៉ូហាលឡាត្រាល (Mir Mohalla-Tral) នៃស្រុក​ផាល់វ៉ាម៉ា (Pulwama district) ស្ថិតនៅ​ចំងាយ ៣៩គីឡូម៉ែត្រពីភាគ​ខាងត្បូង​ទីក្រុង ស្រ៊ីណាហ្គា (Srinagar) ក្នុងតំបន់កាស្មៀរគ្រប់គ្រង​ដោយឥណ្ឌា។

ប៉ុន្តែ​អត្តសញ្ញាណជនសកម្មប្រយុទ្ធ ទាំង២នាក់មិនត្រូវបានកំណត់នៅឡើយ ខណៈភាពតាន​តឹងរវាង​ឥណ្ឌា និងប៉ាគីស្ថាន​ត្រូវបានគេមើល​ឃើញថា នឹងផ្ទុះឡើងជាថ្មី​ក្រោយ ទីក្រុងញូដេលី​អះអាងថា បានបាញ់ទម្លាក់​យន្ដហោះ​ដ្រូន​ប៉ាគីស្ថាន មួយគ្រឿង​ នៅក្នុងដែនអាកាសរបស់ខ្លួនកាល​ពី​យប់ថ្ងៃចន្ទដដែលនោះ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយនៅក្នុងតំបន់ ជនស៊ីវិលម្នាក់​បានរងរបួស រីឯផ្ទះអ្នកភូមិ​មួយខ្នងក៏បានបំផ្លាញទាំងស្រុង​ផងដែរ នៅក្នុងការវាយប្រយុទ្ធ​គ្នារវាងយោធាឥណ្ឌា និងជន​សកម្ម​ប្រយុទ្ធ៕