(វ៉ាស៊ីនតោន)៖ រុស្ស៊ីបានទទួល​រងការលុកលុយតាមប្រព័ន្ធ​ព័ត៌មានវិទ្យា​ដល់ទៅ ០៣លានដង ដែលសុទ្ធតែមាន​ប្រភពមកពីទឹកដី​​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការអះអាងរបស់​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំទីក្រុង​វ៉ាស៊ីនតោន លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) ដកស្រង់​សម្តី​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងអំឡុងការ​ធ្វើសុន្ទរកថា​មួយ នៅឯ​មជ្ឈមណ្ឌល ស្ទីមសុន (Stimson) នៅរដ្ឋធានីវ៉ាស៊ីនតោន​​ លោក Antonov បាន​និយាយ​ដូច្នេះថា «យើងបាន​រកឃើញការវាយប្រហារ​តាមប្រព័ន្ធព័ត៌មានវិទ្យា​ប្រមាណ ០៣លានដង មកលើ​​អាស័យដ្ឋាន (IP Address) របស់​រុស្ស៊ី​ដែល​សកម្មភាពទាំងនោះ​មានប្រភព ចេញមកពី​ក្នុងទឹកដីរបស់​សហរដ្ឋអាមេរិកតែម្តង»

ការលើកឡើងរបស់​លោកឯកអគ្គរដ្ឋទូតរុស្ស៊ី​កើតមាន បន្ទាប់ពី​អតីត​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ហ៊ែប៊ឺត ម៉ាកម៉ាស្ទឺរ (Herbert McMaster) បាន​ប្រកាសនៅក្នុង​សន្និសីទផ្នែកសន្តិសុខទីក្រុង Munich ថា សហរដ្ឋអាមេរិក​ត្រៀមខ្លួនរួច​ជាស្រេច ដើម្បីចាប់ផ្តើម​​កិច្ចសន្ទនា​​ជាមួយ​រុស្ស៊ីជុំវិញ​បញ្ហាសន្តិសុខ​ព័ត៌មានវិទ្យា ប្រសិនបើរុស្ស៊ី​ប្រាកដ​ប្រជា​អំពីការបញ្ឈប់​សកម្មភាពស៊ើបការណ៍​សម្ងាត់​ បែប​នេះ​​តទៅទៀត។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការ​លើបញ្ហាសន្តិសុខ ​ផ្នែកព័ត៌មានវិទ្យារវាងរុស្ស៊ី និងអាមេរិក ត្រូវបានអភិវឌ្ឍន៍​ឡើង​យ៉ាង​សកម្ម​កាល​ពីចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៣ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ២០១៤មក កិច្ចសហប្រតិបត្តិការនេះ​ត្រូវបានផ្អាក ដោយសារ​តែវិបត្តិ​នៅអ៊ុយក្រែន ជាមួយការចោទ​ប្រកាន់ថា រុស្ស៊ីបានលូកដៃចូល​ក្នុងបញ្ហាជម្លោះនោះ រួមទាំងការកាត់​បញ្ចូលតំបន់គ្រមៀ​ទៅក្នុង​ប្រទេស​រុស្ស៊ី៕