(គូឡាឡាំពួ)៖ ម៉ាឡេស៊ី​បានក្លាយជាសមាជិក​ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំពេលដែល​ប្រទេសមួយចំនួន​បានសម្រេច​​ដក និងបានបង្ហាញ​ពីបំណងចង់ដកខ្លួន​ចេញពីស្ថាប័ន​យុត្តិធម៌នេះ។ នេះបើ​តាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​​សិង្ហបុរី​ Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

តុលាការ​​ព្រហ្មទណ្ឌអន្តរជាតិ ICC គឺជាតុលាការ​ឧក្រិដ្ឋកម្មសង្រ្គាមអចិន្រ្តៃយ៍​តែមួយគត់នៅលើពិភពលោក ដែលមានគោលដៅ​ ​ធ្វើការកាត់ក្តីទៅ​លើបទល្មើស​អាក្រក់ៗ​បំផុត នៅពេលដែល​តុលាការថ្នាក់ជាតិ​មិនអាច​ធ្វើបាន ឬក៏មានចង់ធ្វើ។ ក៏ប៉ុន្តែប៉ុន្មាន​​ឆ្នាំ​កន្លង​ទៅនេះ តុលាការអន្តរជាតិ​ដែលមានមូលដ្ឋាន​នៅក្រុងឡាអេ​នេះ បានទទួលរង​ការរិះ​គន់ធ្ងន់ៗ ជុំវិញការសម្រេច​ចិត្ត​លើ​សំណុំ​រឿង​ធំៗ​​​ ខណៈ​ប្រទេស​មួយចំនួន រួមមាន​ប្រជាជាតិអាហ្រ្វិក​ខាងកើត Burundi បានក្លាយជា​ប្រទេស​ដំបូង​គេ ដែល​បាន​​ដើរ​​ចេញ​ពី​​ស្ថាប័នយុត្តិធម៌អន្តរជាតិ​នេះ​នៅឆ្នាំ២០១៧ ហើយ​ហ្វីលីពីន​ក៏បានប្រកាស​ពីបំណងចង់ដក​ខ្លួន​ផងដែរ។

គួរជម្រាបថា រដ្ឋាភិបាលថ្មី​របស់ម៉ាឡេស៊ី​ ដែលបានឡើងកាន់អំណាច​កាលពីឆ្នាំមុន បានប្តេជ្ញាថា នឹងចូលជាសមាជិក​​របស់ ICC ហើយនៅពេល​នេះរដ្ឋមន្រ្តីធនធានមនុស្ស​ម៉ាឡេស៊ី ក៏បានបញ្ជាក់​ច្បាស់ថា ប្រទេសអាស៊ាន​មួយនេះ បានចុះហត្ថលេខា​ចូល​ជា​សមាជិក​របស់ ICC ​នៅថ្ងៃចន្ទដើម​សប្តាហ៍នេះ និងបានក្លាយ​ជាសមាជិកទី ១២៤ នៃ​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ គិតចាប់​តាំងតែ​ពីស្ថាប័ននេះត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០២៕