(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានបង្ហាញក្ដី​សង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនប្រតិភូមួយក្រុម ទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មាន​សប្ដាហ៍ខាងមុខ​ទៀតនេះ បើទោះជា​កិច្ចប្រជុំកំពូលរវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ក្នុងប្រទេស​វៀតណាបញ្ចប់​ទៅ ដោយគ្មានកិច្ចព្រមព្រៀង​អ្វី​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ថ្លែង​ចេញរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) នៅថ្ងៃចន្ទសប្ដាហ៍នេះ​លោក ប៉ុមប៉េអូ បានលើកឡើង​យ៉ាងដូច្នេះថា «បើទោះជាខ្ញុំ​មិនទាន់មានការប្ដេជ្ញាចិត្ត​ណាមួយក៏ដោយ ប៉ុន្តែខ្ញុំនៅតែ​សង្ឃឹមថា យើងអាចនឹង​បញ្ជូនប្រតិបភូមួយក្រុម​ទៅកាន់​ទីក្រុងព្យុងយ៉ាង នៅប៉ុន្មាន​សប្ដាហ៍ខាង​មុខ​ទៀតនេះ។ ខ្ញុំកំពុង​បន្ត​ធ្វើការងារ​ដើម្បីស្វែងរក​មូលដ្ឋាន​ ដែលយើងអាចចែករំលែក​ផលប្រយោជន៍ឲ្យគ្នា​ទៅវិញ​ទៅមក»

គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ កូរ៉េខាងត្បូង និងចិនបានបង្ហាញ​គោលជំហរដូចគ្នា​ ដោយអំពាវនាវឱ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ចាប់ផ្ដើមកិច្ចចរចា​ជាថ្មី និង​ដោះស្រាយ​បញ្ហា​នៅលើឧបទ្វីបកូរ៉េ​ដោយសន្តិវិធី ព្រមទាំងឈរ​លើគោលការណ៍គោរព​គ្នាទៅវិញ​ទៅមក។ យ៉ាងណា​ក៏ដោយក្រោយពី​បានបញ្ចប់កិច្ចប្រជុំកំពូល​នៅ​វៀតណាម ទ្វារក៏មិនមែន​បិទទាំងស្រុង​នោះដែរ ដោយប្រមុខដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នៅតែទុកឱកាស​ឲ្យ​មានការជួបគ្នាទៀត​នៅថ្ងៃមុខ​ដដែល គ្រាន់តែ​មិនទាន់​មានការកំណត់ពេល​ប៉ុណ្ណោះ៕