(ព្រុចសែល)៖ ក្រុមអ្នក​តំណាងមកពី​រដ្ឋាភិបាលស៊ីរី មិនត្រូវបាន​គេអញ្ជើញ​ឱ្យចូលរួមក្នុង «សន្និសីទ​អ្នកបរិច្ចាគអន្តរជាតិ​លើកទី ៣» សម្រាប់​ប្រទេសស៊ីរី ដែលគ្រោងនឹង​ប្រព្រឹត្តទៅនៅទីក្រុង​ព្រុចសែល នៃប្រទេស​ប៊ែលហ្សិក ក្នុងខែមីនា​នោះទេ។ នេះបើ​តាមប្រភព​ពីក្រុមមន្ត្រី អឺរ៉ុបដក​ស្រង់ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ប្រភពខាងលើ​ដដែលបានបញ្ជាក់​ប្រាប់ Sputnik យ៉ាងដូច្នេះថា «បញ្ជីឈ្មោះ​នៃបណ្តា​អ្នកចូលរួម កំពុង​ស្ថិតនៅក្នុងការធ្វើបច្ចុប្បន្នភាព​នៅឡើយ... ប៉ុន្តែ មិនខុសគ្នា​ពីលើកមុនៗ​ឡើយ ពោលគឺរបបដឹកនាំ​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់អាស្សាដ និងខាង​ក្រុមប្រឆាំង​ស៊ីរី​មិនត្រូវបាន អញ្ជើញឱ្យចូល​រួមក្នុងសន្និសីទ​លើកនេះ​ទេ»។ ដោយឡែក​មូលហេតុ​​នៃការសម្រេច​ចិត្ត​បែបនេះ គឺពុំទាន់មាន​ការបញ្ជាក់ច្បាស់​លាស់​ឡើយ។

គួរបញ្ជាក់ថា សន្និសីទអ្នកបរិច្ចាគ​អន្តរជាតិលើកទី ៣ សម្រាប់​ប្រទេសស៊ីរី​នឹងត្រូវប្រព្រឹត្ត​ទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនានេះ នៅទីក្រុង​ព្រុចសែល បន្ទាប់ពីសន្និសីទ​លើកទី ២ ធ្លាប់ធ្វើឡើងក្នុង​រដ្ឋធានីនៃប្រទេស​ប៊ែលហ្សិក កាលពីខែមេសា ឆ្នាំ២០១៨ ដោយមាន​ការចូលរួមពីអ្នកតំណាង​មកពី ៥៧ប្រទេស។ សន្និសីទលើក​ទី ២ នេះបានប្រមូលថវិកា ៤.៤ពាន់លានដុល្លារ​សម្រាប់សង្គ្រោះ​ស៊ីរី សម្រាប់​ឆ្នាំ២០១៨ និង ៣.៤ពាន់លានដុល្លារ​សម្រាប់ឆ្នាំ២០១៩ និង​ឆ្នាំ២០២០៕