(កាតា)៖ រដ្ឋមន្ត្រីការបរទេស​កាតា ហ្សេក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី (Sheikh Mohammed bin Abdulrahman Al Thani) បាននិយាថា ទីក្រុងដូហា​កំពុងសិក្សា​យ៉ាងយក ចិត្តទុកដាក់​លើគម្រោងទិញប្រព័ន្ធ​មីស៊ីលការពារដែន​អាកាសរុស្ស៊ី S-400 ក្នុងបរិបទ​ដែលភាពតានតឹងជា​មួយបណ្ដាប្រទេស​អារ៉ាប់ផ្សេង ទៀត​ជាពិសេសគឺ​អារ៉ាប៊ីសាអូឌីត ហាក់ដូចជាមិន​មានភាពធូរស្រាល​ទាល់តែ​សោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ព្រះអង្គ​ម្ចាស់ Al Thani ធ្វើការកត់សម្គាល់​បែបនេះ​ ក្នុងសន្និសីទសារព័ត៌មាន​រួមគ្នា បន្ទាប់ពីបាន​ជួបពិភាក្សា​ការងារជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ក្នុងទីក្រុងដូហា នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។ នាឱកាសនោះ​ព្រអង្គម្ចាស់ Al Thani បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «ពិតជា​មានការពិភាក្សាគា្នពីគម្រោង​ទិញ S-400​ ប្រាកដមែន គ្រាន់តែពុំទាន់​មានកិច្ចព្រមព្រៀងផ្លូវការ​ណាមួយ​តែប៉ុណ្ណោះ។ ប៉ុន្តែបើសិនជា​យើងទិញ S-400ពីរុស្ស៊ីមែន វាគឺសិទ្ធិអធិបតេយ្យភាព​របស់យើង ហើយវាក៏មិនមែន​ជារឿងរបស់​អារ៉ាប៊ីសាអូឌីត ឬប្រទេស​ណាមួយ​ដែរ»។

គួរជម្រាបថា ទំនាក់ទំនង​រវាងកាតា និងរុស្ស៊ី មានការរីកចំរើន​ទៅមុខគួរឱ្យកត់​សម្គាល់ បន្ទាប់ពី​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែនជាដើម បានប្រកាស​ចាត់វិធានការ រាំង​ខ្ទប់សេដ្ឋកិច្ច​កាតា​កាលពី​ឆ្នាំ២០១៧ មក​ក្រោម​ហេតុផលថា ទីក្រុងដូហា​គាំទ្រពួកភេរវករ​នៅក្នុងតំបន់។ ក៏ប៉ុន្តែ រឹតតែពិសេស​ការបញ្ជាក់ពី​បំណងទិញ S-400 របស់កាតាជាថ្មី​នេះ កើតមានឡើង​ចំពេលមាន​សេចក្ដីរាយការណ៍​ជាច្រើនថា អារ៉ាប៊ីសាអូឌីតបាន​ចំណាយលុយជិតរាប់ពាន់លានដុល្លារ​ ដើម្បីទិញប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាស THAAD ពី​ក្រុមហ៊ុនអាមេរិក Lockheed Martin៕