(ភ្នំពេញ)៖ ស្របពេលដែលសហគមន៍អឺរ៉ុប (EU) កំពុងដំណើរការនីតិវិធីផ្អាកជាបណ្តោះអាសន្ន នូវការអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ(EBA) ពីកម្ពុជា លោក Manfred Grund សមាជិកសភាអាល្លឺម៉ង់ បានលើកឡើងថា លោកសន្យាផ្តល់ព័ត៌មានពិតពីកម្ពុជា ទៅកាន់បណ្ដាភាគីពាក់ព័ន្ធ។

សមាជិកសភារូបនេះ បានសន្យានៅចំពោះមុខ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ខណៈដែលលោក បំពេញទស្សនកិច្ចនៅកម្ពុជា។

លោក Manfred Grund បានប្រាប់ លោក ឈាង វុន ថាដំណើរទស្សនកិច្ចនៅពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងថ្លឹងថ្លែង បញ្ហា EBA ដើម្បីឲ្យមានការទទួលបានព័ត៌មានស្មើគ្នាពី គ្រប់ភាគីពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា អាល្លឺម៉ង់ និងសភាកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

លោកបញ្ជាក់ថា «ចំពោះបញ្ហា EBA យេីងសន្យាថា នឹងផ្តល់ព័ត៌មានអំពី ស្ថានការណ៍នយោបាយ​ ពិសេសសុខសន្តិភាព និងការអភិវឌ្ឍពិតនៅកម្ពុជា ដល់គ្រប់ភាគីពាក់ព័ន្ធ»

នៅក្នុងឱកាសនោះដែរ លោក ឈាង វុន បានប្រាប់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ពិសេសសុខសន្តិភាព និងការអភិវឌ្ឍដល់ លោក Manfred Grund។ លោកបានលើកឡើថា កម្ពុជាបានអនុវត្តគោលនយោបាយដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ កម្ពុជាបានរៀបចំការបោះឆ្នោត រៀងរាល់ប្រាំឆ្នាំម្តង ដោយមានគណបក្សជាច្រើន ចូលរួមប្រកួតប្រជែងដោយសេរី និងយុត្តិធម៌។

លោកប្រធានគណៈកម្មការ បានលើកឡើងបន្តថា កម្ពុជាបានឆ្លងកាត់ភ្លើង សង្គ្រាមអស់រយៈពេល៤ទសវត្ស។ សង្រ្គាមបានធ្វើឱ្យកម្ពុជាធ្លាក់ ចូលក្នុងភាពក្រីក្រ តែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍរីកចម្រើន ជាពិសេសនៅ ក្រោមគោលនយោបាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបានទាំងសន្តិភាព និងការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនោះ លោក ឈាង វុន បានស្នើដល់សភាអាល្លឺម៉ង់ បន្តជួយកម្ពុជាទៅលើគ្រប់វិស័យ និងការបណ្តុះបណ្តាលយុវជនជំនាន់ថ្មី។ លោកបន្តថា សហគមអឺរ៉ុបមិនគួរយកបញ្ហាEBA ដែលជាបញ្ហាពាណិជ្ជកម្មមកធ្វើជារឿងនយោបាយនៅកម្ពុជានោះទេ។

ជាការឆ្លើយតប លោក Manfred Grund បានឯកភាពសំណើរបស់ លោក ឈាង វុន និងបានអះអាងថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ប្រទេសដែលទទួលបាន ការអនុគ្រោះពន្ធ លើគ្រប់មុខទំនិញ លើកលែងសព្វាវុធ ពីសហភាពអឺរ៉ុប មាន៤៩ប្រទេស ក្នុងនោះបណ្ដាប្រទេស នៅអាហ្វ្រិក មានចំនួនច្រើនជាងគេ។ ប្រព័ន្ធអនុគ្រោះពន្ធក្រោម កម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ហើយកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប៕