(វ៉ាស៊ីនតោន)៖ យានអវកាស​អាមេរិក Crew Dragon (Dragon 2) បានចូលទៅចត​ និងតភ្ជាប់ជាមួយស្ថានីយអវកាស​អន្តរជាតិ ISS ដោយជោគជ័យហើយ នៅក្នុងបេសកកម្ម​សាកល្បង​លើកដំបូងរបស់វា ដោយពុំមាន​មនុស្សជិះ (មានតែមនុស្សជ័រ​តំណាង)។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

បើតាមការ​បញ្ជាក់ពីទីភ្នាក់ងារអវកាស​អាមេរិក NASA បានឲ្យដឹងថា ក្រោយពីគោចរ​ជុំវិញ​ផែនដី​ ១៨ជុំ ក្រោយពីវាត្រូវគេ​បាញ់​​បង្ហោះឡើងទៅកាន់​ទីអវកាសកាល​ពីថ្ងៃសៅរ៍ យាន Crew Dragon របស់​ក្រុមហ៊ុន SpaceX បានចូលទៅភ្ជាប់​ជាមួយ​​ស្ថានីយ​ ISS ដោយជោគជ័យ​កាលពីម៉ោងជិត ០៦៖០០នាទីព្រឹក​ថ្ងៃអាទិត្យ (ពេលវេលា​នៅភាគខាងកើត​អាមេរិក) តាមរយៈប្រព័ន្ធ​ហោះ​ហើរ​ស្វ័យប្រវត្តិ។ យាន Crew Dragon នឹងនៅស្ថិតនៅស្ថានីយ ISS រយៈពេល​០៥ថ្ងៃ មុននឹងវាត្រូវចាកចេញ​វិញនៅថ្ងៃទី០៨ ខែមីនា ហើយក្រោយបន្ទាប់​មក​ទៀតវានឹងចាប់ផ្តើម​ដំណើរ​ចុះមកកាន់ផែនដី​វិញ។

គួរជម្រាបថា បេសកកម្មសាកល្បង​ខាងលើនេះ គឺជាជំហានដ៏សំខាន់មួ​យ ដើម្បីឆ្ពោះទៅរកការ​សម្រេចគោលដៅ នៃ​ការនាំយក​មនុស្សឡើង​ទៅកាន់ស្ថានីយអវកាស ISS តាមរយៈយាន​របស់អាមេរិក និង​ចេញពីទឹកដីរបស់សហរដ្ឋអាមេរិក​ផ្ទាល់ ដែលរឿងនេះ​ពុំ​​ធ្លាប់កើតមាន​ឡើយចាប់តាំងតែពីឆ្នាំ២០១១ មក។

ពុំមានវត្តមាន​ក្រុម​​អវកាសយានិកពិតៗនៅ​ក្នុងយាន Dragon នេះទេ ខណៈមានអវកាស​​សិប្ប​និម្មិតម្នាក់ឈ្មោះ​ថា Ripley ដែលជាតួអង្គ​ឯកក្នុង​​កម្រងខ្សែភាពយន្ត​ព្រឺព្រួច-វិទ្យាសាស្រ្ត​បែបក្លាស៊ិក​ ដ៏ល្បីរបស់​ហូលីវូដ Alien​។ ​អវកាសយានិក​​សិប្បនិម្មិត​នេះ មានបំពាក់​ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់​ក៏ដូច​ជាវាស់វែង​​ទៅលើ​​កម្លាំង ​ល្បឿន​ ព្រមទាំង​​​​បរិស្ថានជុំវិញ ដែល​មនុស្សជា​អវកាសយានិក នឹងត្រូវឆ្លងកាត់​នាពេល​ខាងមុខ នៅក្នុង​យាន​អវកាសនេះ។

ការបាញ់បង្ហោះកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ​ គឺជាជំហានដ៏សំខាន់មួយនៃក្ដី​សម័យរបស់ស្ថាបនិក​ក្រុមហ៊ុន SpaceX លោក Elon Musk ដែលធ្លាប់​បាននិយាយថា ក្រុមហ៊ុនអវកាស​របស់លោកនឹងនាំ​មនុស្សទៅ​កាន់ទីអវកាស។ វាក៏ត្រូវបានចាត់ទុក​ជាប្រវត្តិសាស្ត្រថ្មីមួយ នៃសមត្ថភាពរបស់ SpaceX ផងដែរ។

ងាកទៅកាន់​អង្គការ NASA វិញក៏បានបង្ហាញ​ការសាទរផងដែរ ចំពោះសមិទ្ធផល​របស់ SpaceX នាថ្ងៃនេះ ដោយខ្លួនបាន​សរសេរបង្ហោះនៅលើ​បណ្តាញសង្គម Twitter ជាផ្លូវការថា «វាគឺជាទំព័រថ្មី​នៃ​សហរដ្ឋអាមេរិក ចំពោះប្រព័ន្ធដឹក​មនុស្សទៅ​ទីអវកាស…»។ វាបានកើត​​មានឡើង​រយៈពេល ០៨ឆ្នាំ បន្ទាប់ពី​អង្គការ NASA បានបោះ​បង់​ចោល​គំរោង​ផលិត​​យាន​ដឹក​មនុស្ស Space Shuttle ហើយងាក​ទៅបន្តពឹងផ្អែក​លើ​យាន Soyuz របស់​រុស្ស៊ី ដើម្បីដឹកអវកាសយានិក​ទៅកាន់​ស្ថានីយ​អវកាស​វិញ៕