(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​​លោក ចន បូលតុន (John Bolton) បាននិយាយថា សហរដ្ឋអាមេរិក​នឹងបង្កើតក្រុមចំរុះ​ក្រៅ​ប្រទេស​មួយ ឱ្យបានលឿន​តាមតែធ្វើ​ទៅបាន ដើម្បីបណ្ដេញ​ប្រធានាធិបតី​​លោក នីកូឡាស់ ម៉ាឌូរ៉ូ ពីអំណាច និងស្ដារលិទ្ធិប្រជាធិបតេយ្យនៅក្នុង​ប្រទេស​វេណេស៊ុយអេឡា​ឡើងវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

ការអះអាងខាង​លើរបស់លោក Bolton ធ្វើឡើងនៅក្នុងបទ​សម្ភាសន៍ជាមួយ​សារព័ត៌មាន CNN កាលពី​ថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក)។ នាឱកាសនោះ​ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​រូបនេះ​បានលើកឡើង​យ៉ាងដូច្នេះថា «ខ្ញុំចង់ឃើញ​ក្រុមចំរុះក្រៅ​ប្រទេសមួយ (រដ្ឋាភិបាល​នៅ​ក្រៅប្រទេស) កើតឡើងក្នុង​ពេលឆាប់ៗដើម្បីជំនួស​​លោក ម៉ាឌូរ៉ូ និងរបបដឹកនាំ​ដ៏ពុករលួយរបស់​លោក... ហើយនេះ​គឺជាអ្វីដែលកំពុង​ព្យាយាមធ្វើ»។

លើសពីនេះទៅទៀត លោក Bolton ក៏បានបញ្ជាក់​ដែរថា សហរដ្ឋអាមេរិក​នឹងមិនខ្លាចក្នុងការដោះស្រាយ​វិបត្តិនៅ​វេណេស៊ុយអេឡា​តែម្នាក់ឯង​ឡើយ ខណៈក្រុមប្រឹក្សាសន្តិសុខនៃ​អង្គការសហប្រជាជាតិ​បរាជ័យអនុម័ត​ដំណោះស្រាយ​ថ្កោលទោស លោក ម៉ាឌូរ៉ូ ដោយសារ​តែចិន និងរុស្ស៊ីជាអ្នកបានវ៉េតូ (ជំទាស់)។

គួរជម្រាបថា លោក John Bolton មិនមែនជា​មន្ត្រីជាន់ខ្ពស់អាមេរិក​តែម្នាក់គត់ ដែលនិយាយជា​ចំហអំពីការផ្លាស់ប្ដូរ​របបដឹកនាំនៅ​វេណេស៊ុយអេឡានោះឡើយ ជាក់ស្ដែងកាលពីខែកុម្ភៈ​កន្លងទៅ ប្រធានគណៈកម្មាធិការ​សេវាកម្មអាវុធ​ នៃព្រឹទ្ធសភា​អាមេរិក លោក អ៊ីនហូហ្វេ (Inhofe) ក៏បានលើក​ឡើងត្រង់ៗដែរថា សហរដ្ឋអាមេរិកត្រូវតែ​ប្រើកម្លាំងយោធា​លើ​វេណេស៊ុយអេឡា បើសិនជារុស្ស៊ី​ហ៊ានបង្កើត​មូលដ្ឋានទ័ព លើទឹកដីប្រជាជាតិ​អាមេរិកឡាទីន​មួយនេះ៕