(ប៉េកាំង)៖ រថភ្លើងពិសេស​របស់ប្រមុខមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្លងកាត់​ទីក្រុង ធានជិន (Tianjin) ដែល​នៅ​ជាប់រដ្ឋធានីប៉េកាំង​ប្រទេសចិននា​ថ្ងៃចន្ទនេះ ពោលគឺបាន​សំដៅឆ្ពោះត្រង់ត្រឡប់​ទៅទីក្រុងព្យុងយ៉ាងវិញ​តែម្តង ក្រោយ​ជំនួប​កំពូលជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងការបំពេញទស្សនកិច្ច​ផ្លូវរដ្ឋនៅឯ​ប្រទេស​វៀតណាម​។ នេះបើ​តាម​​​ការដកស្រង់ការ​ផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

លោក គីម ជុងអ៊ុន បានចាកចេញពី​ស្ថានីយរថភ្លើង ដុងដាង (Dong Dang) នៃប្រទេសវៀតណាម​កាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពី​បាន​​ចូលរួមកិច្ចប្រជុំកំពូល​រយៈពេល ០២ថ្ងៃជាមួយ លោក ដូណាល់ ត្រាំ ​នៅទីក្រុងហាណូយ ព្រមទាំងបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅ​ទីនោះ តបតាមការអញ្ជើញរបស់​ប្រមុខរដ្ឋរៀតណាម។

រថភ្លើងរបស់​លោក គីម ត្រូវគេអះអាងថា បានរត់ឆ្លងកាត់​ក្រុង Tianjian កាលពីវេលាម៉ោង ០៧៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោង​នៅក្នុងតំបន់) ពោលគឺវាបានធ្វើដំណើរ​តាមផ្លូវដដែល ដែលលោក គីម ជុងអ៊ុន បានចំណាយ​ពេលជិត ៦៦ម៉ោង ដើម្បី​ជិះ​ទៅកាន់​ប្រទេស​វៀតណាម។ កន្លងមកនេះ​​មានការសន្និដ្ឋានថា លោក គីម អាចឈប់នៅក្រុង ក្វាងចូវ (Guangzhou) ឬក៏ប៉េកាំង ដើម្បី​ជួប​​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង នៅតាមផ្លូវត្រឡប់ទៅ​កាន់កូរ៉េខាងជើង​វិញ ប៉ុន្តែការពិត​គឺមិនដូច្នោះ​ឡើយ។ ​​

គួរជម្រាបថា រថភ្លើងរបស់​លោក គីម ត្រូវគេរំពឹងថា នឹងទៅដល់ស្ថានីយ​រថភ្លើងចិន ដានដុង (Dandong) ហើយឆ្លងទន្លេ យ៉ាលូ Yalu (Amrok) ដែលនៅក្បែរ​ព្រំប្រទល់ចិន-កូរ៉េខាងជើង​នាយប់​ថ្ងៃចន្ទនេះ៕