(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលជាមន្ត្រី​សកម្ម​បំផុត​ក្នុងការរៀបចំ​ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរនៅ​ទីក្រុងហាណូយ នៃប្រទេស​វៀតណាម​នោះបាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នៅតែមានសង្ឃឹមថា អាចបន្តកិច្ច​ពិភាក្សា​-ចរចា​ជាមួយកូរ៉េខាងជើងនៅថ្ងៃខាង​មុខទៀត បើទោះបីជា​កិច្ចប្រជុំនៅវៀតណាម​​បានបញ្ចប់​ទៅ​ដោយគ្មានលទ្ធផល​អ្វីសូម្បីបន្តិចក៏ដោយ។ នេះបើតាម​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងអំឡុង​ដំណើរបំពេញទស្សនកិច្ច នៅទីក្រុងម៉ានីល​ប្រទេស​ហ្វីលីពីន លោក ប៉ុមប៉េអូ បានលើកឡើង​យ៉ាងដូច្នេះថា «ភាគីទាំងសង​ខាងបាន​ឯកភាពថា ប្រាកដណាស់នឹងអាចមានកិច្ចសន្ទនា ​បន្ថែមទៀតនៅ​​ថ្ងៃខាងមុខ...។ ខ្ញុំសង្ឃឹមថា យើងបន្ត​ការពិភាក្សា​គ្នា។ សហរដ្ឋអាមេរិក និងប្រទេស​កូរ៉េខាងជើង មិនបាន​ដើរចេញទៅណា​ឆ្ងាយអំពីកិច្ច​​ប្រជុំកំពូលនោះឡើយ ដូច្នេះយើង​នៅតែមានសង្ឃឹម​ទៅមុខ​ទៀត... ភាគីទាំងពីរ​​បានដើរ​​ទៅមុខ​ខ្លះដែរ...»

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន មិនបានចេញ​សេចក្តីថ្លែងការណ៍រួម​អ្វីនោះឡើយ បន្ទាប់ពីកិច្ចប្រជុំ​បញ្ចប់ទៅមុន​កាលកំណត់ នៅទីក្រុងហាណូយ​ប្រទេសវៀតណាម កាលពី​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ដូច្នេះវាត្រូវបាន​ចាត់​ទុកជាភាពបរាជ័យសម្រាប់ជំនួប​ចរចាកំពូលលើកទីពីរ មិនដូចកាល​ពីលើកទីមួយ ដែលបានប្រារព្ធឡើងនៅ​សិង្ហបុរីនោះឡើយ។

ទោះបីជា​មើលទៅ​ហាក់មានការខ្វែង​គំនិតគ្នា​ខ្លាំងពិតមែនជុំវិញថា តើត្រូវដកទណ្ឌកម្មជាមុន ឬកម្ទេច​នុយក្លេអ៊ែរជាមុន ប៉ុន្តែមេដឹកនាំ​អាមេរិក និងកូរ៉េខាងជើង​នៅតែបង្ហាញជំហរ​រក្សាទំនាក់ទំនង​ល្អជានិច្ចនឹងគ្នា ហើយក៏បានសម្រេចផងដែរថា ប្រទេសទាំងពីរ​អាចនឹងមានកិច្ចពិភាក្សា​ទៀត​ទៅថ្ងៃមុន គ្រាន់តែពេល​នេះ​មិនមាន​ការ​កំណត់​ពេល​វេលា​ណាមួយនោះ​ឡើយ៕