(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​បានឲ្យដឹងនាថ្ងៃសុក្រនេះថា នឹងមានកិច្ចចរចាជាបន្តបន្ទាប់ទៀតជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំនៃទាំងពីរ​ នៅទីក្រុងហាណូយប្រទេសវៀតណាម បានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វី។​ នេះបើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

កិច្ចប្រជុំកំពូលលើកទីពីរ​រវាង​ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​បិទ​បញ្ចប់​ទៅ​ភ្លាមៗ​ផ្ទុយពីការគ្រោងទុក ដោយពិធីទទួលទានអាហារថ្ងៃត្រង់និងចុះហត្ថលេខាត្រូវបានលុបចោល ហើយ​​ពុំមានការចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​អ្វី​ទាំង​អស់។

ជុំវិញភាពបរាជ័យនេះ ភាគីទាំងពីរបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ដោយលោក ត្រាំ បានអះអាងថា ទីក្រុងព្យុងយ៉ាងចង់​ឲ្យ​ទណ្ឌកម្ម​ទាំង​អស់​ត្រូវ​ដកចេញ ខណៈរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានអះអាងថា ប្រទេសរបស់លោក គ្រាន់តែ​ចង់​ឲ្យមានការ​ដក​ទណ្ឌ​កម្ម​មួយ​ចំនួ​នប៉ុណ្ណោះ ដែលជាថ្នូរនឹងការបំផ្លាញរាល់ទីតាំងផលិតវត្ថុធាតុនុយក្លេអ៊ែរនៅ​តំបន់ Yongbyon​ របស់កូរ៉េខាងជើង។

ទោះជាបែបនេះក្តី នាថ្ងៃសុក្រនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចាត់ទុកជំនួបកំពូលនៅហាណូយ​ថា ជា​ជោគ​​ជ័យមួយ និងថា លោក គីម បានសន្យាលោក ត្រាំ អំពីការជួបមុខគ្នាម្តងទៀត។ ជាមួយគ្នានេះដែរ មុនពេលចាកចេញពី​​​ទីក្រុង​ហាណូយ លោក ត្រាំ ក៏បានបង្ហាញក្តីសង្ឃឹមដែរថា នឹងអាចជួបលោក គីម ជាថ្មី ប៉ុន្តែអត់ទាន់មានគម្រោងនោះទេ៕