(ផ្លូរីដា)៖ យាន ឬនាវាអវកាសនាគ «Dragon» របស់​ក្រុមហ៊ុន SpaceX ដែលអភិវឌ្ឍន៍​ឡើងដើម្បីដឹកអវកាសយានិក​នោះ នឹងត្រូវធ្វើតេស្ត​​ហោះ​ហើរ​សាកល្បងនា​ថ្ងៃសៅរ៍ចុង​សប្តាហ៍​នេះ។ នេះបើតាម​ការដកស្រង់ការដក​ស្រង់ការផ្សាយចេញ​ពី វែបសាយព័ត៌មាន​អវកាស Space នៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

ការបាញ់បង្ហោះ​សាកល្បងលើកដំបូងបំផុត​របស់យានអវកាស Dragon នឹងត្រូវធ្វើឡើងចេញ​ពីមជ្ឈម​ណ្ឌល Kennedy Space Center របស់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA តាមរយៈគ្រាប់​រ៉ុក្កែត Falcon 9 របស់ SpaceX នាវេលាម៉ោង ០២​៖៤៨នាទី​​យប់​រំលងអធ្រាត្រ (ម៉ោងនៅតំបន់​ភាគខាងកើត​សហរដ្ឋអាមេរិក ដែលស្មើនឹង​ម៉ោងជិត ០៣រសៀល​នៅកម្ពុជា) ដើម្បីឆ្ពោះទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS​។

ដោយឡែក​សម្រាប់ការធ្វើតេស្ត​ខាងលើ គឺពុំវត្តមាន​ក្រុម​អវកាសយានិក នៅក្នុងយាន Dragon ឡើយ ប៉ុន្តែមានអវកាស​​សិប្ប​និម្មិតម្នាក់ឈ្មោះ​ថា Ripley ដែលជាតួអង្គ​ឯកក្នុង​កម្រងខ្សែភាពយន្ត​ព្រឺព្រួច-វិទ្យាសាស្រ្ត​បែបក្លាស៊ិក​ ដ៏ល្បីរបស់ហូលីវូដ Alien​។ ​អវកាសយានិក​សិប្បនិម្មិត​នេះ មានបំពាក់​ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់​ក៏ដូចជាវាស់វែង​​ទៅលើ​​កម្លាំង ​ល្បឿន​ ព្រមទាំង​​​​បរិស្ថានជុំវិញ ដែល​មនុស្សជា​អវកាសយានិក នឹងត្រូវឆ្លងកាត់​នាពេល​ខាងមុខ នៅក្នុង​យាន​អវកាសនេះ។

គួរជម្រាបថា បេសកកម្ម​នៃការហោះហើរសាកល្បងនា​ចុង​សប្តាហ៍នេះ មាន​ឈ្មោះថា Demo-1 គឺជាសង្ឃឹម​​របស់ SpaceX និង NASA ក្នុងការបញ្ជូន​ក្រុមអវកាសយានិក​របស់ពួកគេ​សាជាថ្មីឡើងវិញ តាមគ្រាប់រ៉ុក្កែត​របស់​អាមេរិក និងចេញពី​ក្នុងទឹកដី​របស់​​អាមេរិក​ផ្ទាល់៕