(សិង្ហបុរី)៖ រដ្ឋាភិបាល​សិង្ហបុរីនឹងដាក់សំណើ​ បញ្ជាទិញយន្ដហោះ​ចម្បាំង F-35 ០៤គ្រឿង​ពីសហរដ្ឋអាមេរិក​សម្រាប់​ការធ្វើ​តេស្ដសាក​ល្បង ហើយ​បើសិនជាការធ្វើតេស្ដនេះ​ជោគជ័យនោះ សិង្ហបុរីនឹង​យន្ដហោះចម្បាំង​ប្រភេទនេះ ០៨គ្រឿង​បន្ថែមទៀតពី​សហរដ្ឋអាមេរិក។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិ​សិង្ហបុរី ដកស្រង់ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

យន្ដហោះ​ចម្បាំង​បំបំាងកាយ F-35 របស់ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក Lockheed Martin មានតម្លៃចាប់ពី ៩០លានដុល្លារ​រហូតដល់ ១១៥លានដុល្លារ។ ដោយឡែក​ជុំវិញគម្រោង​ទិញយន្ដហោះ​ចម្បាំង​នេះដែរ ថ្លែងនៅក្នុងសុន្ទរកថា​មួយនៅក្រសួង​ការពារ ជាតិសិង្ហបុរី លោករដ្ឋមន្ត្រី​ការពារជាតិ ង័រ អេងហេន (Ng Eng Hen) បានបញ្ជាក់ថា ប្រទេស​របស់លោក​នឹងដាក់សំណើបញ្ជាទិញ​យន្ដហោះ F-35 ទៅកាន់​សហរដ្ឋអាមេរិក។

លោក Ng Eng បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងដាក់សំណើ​ទិញយន្ដហោះ​ចម្បាំង F-35 មកតេស្ដ​សាកល្បង ហើយបើសិនជាការធ្វើ​តេស្ដនេះជោគជ័យ នោះសិង្ហបុរីនឹង​យន្ដហោះចម្បាំង​ប្រភេទនេះ ០៨គ្រឿង​បន្ថែមទៀត»។ សម្រាប់​យន្តហោះ F-35 គឺជាផលិតផល​យន្តហោះ​ចម្បាំង​របស់អាមេរិក ដែលបណ្តា​​ប្រទេសជាសម្ព័ន្ធអាមេរិក​​ជាច្រើន​បានបញ្ជាទិញ និងមាន​ចេតនាបញ្ជាទិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិ​សិង្ហបុរី លោក Ng Eng Hen ក៏បានប្រកាស​​ដែរពីដំណើរការទិញនាវា​មុជទឹក Type 218SG ចំនួន ០៤គ្រឿង​ពី​ក្រុមហ៊ុនអាល្លឺម៉ង់ ដែលមានតម្លៃ ៣.២ពាន់លានដុល្លារ កាលពីអំឡុងពាក់កណ្តាល​ឆ្នាំ២០១៨ ដើម្បីពង្រឹង​សមត្ថភាព​ការពារជាតិ និងចូលរួម​ចំណែកប្រយុទ្ធប្រឆាំង​​នឹងភេរវកម្ម ក៏ដូចជា​ការដឹក​ជញ្ជូន​អាវុធខុស​ច្បាប់ជាដើម៕