(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន បានថ្លែងនៅ​ថ្ងៃសុក្រនេះថា ទីក្រុងសេអ៊ូលនឹងរិះរកវិធីគ្រប់បែបយ៉ាង ជាមួយកូរ៉េខាងជើង និងសហរដ្ឋអាមេរិក​ ដើម្បីស្រោចស្រង់​ជំនួបកំពូល​រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ឡើងវិញ​ក្រោយពីការទទួល​បរាជ័យដ៏គួរឲ្យស្តាយបំផុត ក្នុងកិច្ចប្រជុំ​លើកទីពីរដែល​បានប្រារព្ធឡើង​នៅក្នុងទីក្រុង​ហាណូយ នៃប្រទេសវៀតណាម។ នេះបើតាម​ការចេញផ្សាយ​ដោយ យ៉ុនហាប់ នាព្រឹក​ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

លោក មូន ជែអ៊ីន បានថ្លែងពីវិមានពណ៌ខៀវ (Blue House) យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា វានៅតែជាដំណើរការ​ឆ្ពោះទៅរកកិច្ចព្រមព្រៀង​កម្រិតខ្ពស់មួយ...។ ឥឡូនេះ​តួនាទីរបស់យើង បានវិវឌ្ឍន៍ទៅកាន់តែចាំ​បាច់ជាងពេល​មុខៗ...។ រដ្ឋបាល​របស់ខ្ញុំនឹង​ធ្វើការងារឲ្យជិតស្និទ្ធ​ជាងមុន ព្រមទាំង​ការសហការគ្នា​ជាមួយ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដើម្បីឲ្យកិច្ចពិភាក្សា​រវាងប្រទេសទាំងពីរ​​ អាចបញ្ចប់ទៅប្រកប​ដោយ​ផ្លែផ្កា ឡើងវិញ ទោះបីជាក្នុងមធ្យោបាយ​ណា​ក៏ដោយ...»

ក្រៅពីការប្តេជ្ញាចិត្តខាងលើនេះ លោក មូន ជែអ៊ីន ក៏បានបញ្ជាក់​ផងដែរថា កូរ៉េខាងត្បូង​កំពុងតែដោះដូរ​យោបល់ជាមួយ​សហរដ្ឋអាមេរិក ដើម្បីរិះរកវិធី​ដាក់ឲ្យដំណើរការ​​ឡើងវិញ​នូវតំបន់​រម្មណីយដ្ឋានភ្នំ គុមហ្គាង (Kumgang) និងតំបន់​សេដ្ឋកិច្ចពិសេស​កែសុង (Kaesong) ដែលរឿងនេះត្រូវ​បានគេមើលឃើញថា ជាការជួយ​សម្រាលបន្ទុក​សេដ្ឋកិច្ច​កូរ៉េខាងជើង ដែលកំពុងរង​គ្រោះខ្លាំង​ឡើងៗ ដោយសារទណ្ឌកម្ម​សេដ្ឋកិច្ចពី​អន្តរជាតិ។

គួរបញ្ជាក់ថា ជំនួបកំពូល ត្រាំ-គីម លើកទីពីរ​ត្រូវបានធ្វើឡើង​រយៈពេលពីរថ្ងៃនៅ​វៀតណាម ប៉ុន្តែវាបាន​បញ្ចប់ទៅមុនកាលកំណត់​ប៉ុន្មានម៉ោង ព្រោះតែការចរចា​មិនត្រូវរ៉ូវគ្នា​រវាង​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក​តែម្តង។ ភាគីកូរ៉េខាងជើងបានអះអាងថា ខ្លួនចង់បានការដក​ទណ្ឌកម្ម​ជិតពាក់​កណ្តាល ( ៥ លើ ១១) ពីអន្តរជាតិ ជាថ្នូរហ្នឹង​ការរំលាយតំបន់​អភិវឌ្ឍន៍​នុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon) តែ​សហរដ្ឋអាមេរិក​មិនយល់​ស្របនោះឡើយ ហើយភាគីទាំងពីរក៏មិនបាន​កំណត់ពេល​ត្រូវជួបគ្នាលើក​ទីបីនោះ​ដែរ៕