(យូអិន)៖ រដ្ឋាភិបាលបង់ក្លាដែស​បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការ​សហប្រជាជាតិ​ថា បង់ក្លាដែស​លែង​​អាច​ទទួល​យក​ជនភៀស​​ខ្លួន​​ ពីមីយ៉ាន់ម៉ាបាន​ទៀត​ហើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងកិច្ចប្រជុំ​មួយនៃក្រុមប្រឹក្សា​សន្តិសុខ UN ​នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេស​បង់ក្លាដែស លោក ហ្សាហ៊ីឌុល ហាក (Shahidul Haque) បាន​និយាយថា វិបត្តិជុំវិញ​ការធ្វើមាតុភូមិនិវត្តន៍​​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​រាប់សែននាក់ ដែល​កំពុង​​ជ្រកកោន​ក្នុងប្រទេស​​របស់លោក បានឈាន​ដល់​កម្រិតអាក្រក់​មែនទែន​ហើយ​ និងបានស្នើ​ឲ្យក្រុមប្រឹក្សា​ចេញវិធានការ​បន្ទាន់មួយ ហើយ​លោក​​បាន​បញ្ជាក់ថា បង់ក្លាដែស​លែង​អាចទទួលយក​ជនភៀសខ្លួន​បន្ថែម ពីមីយ៉ាន់ម៉ាឲ្យជ្រកកោនបាន​ទៀត​ហើយ។

គួរជម្រាបថា ជនមូស្លីមរ៉ូហ៊ីងយ៉ា​​ប្រមាណ ៧៤០,០០០នាក់ កំពុងជ្រកកោន​នៅតាមជំរំក្នុងប្រទេស​បង់ក្លាដែស ក្រោយពី​ពួកគេ​​ត្រូវបង្ខំចិត្តរត់គេច​ចេញពីរដ្ឋ រ៉ាឃីន (Rakhine) ភាគខាងជើងមីយ៉ាន់ម៉ា កាលពីអំឡុងយុទ្ធនាយោធា​របស់រដ្ឋាភិបាល​ឆ្នាំ២០១៧ ដែល​​អង្គការ​សហប្រជាជាតិ​ហៅថា ការកម្ចាត់​ជនជាតិ​ភាគតិច។

កន្លងទៅ​​នៅ​ក្រោមកិច្ចព្រមព្រៀង​ជាមួយ​បង់ក្លាដែស មីយ៉ាន់ម៉ាក៏​បានយល់ព្រមទទួល​យកជនភៀសខ្លួនមួយ​ចំនួនទៅវិញ​ផង​ដែរ ប៉ុន្តែអង្គការ​សហប្រជាជាតិ​បានទទូចថា សុវត្ថិភាពរបស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ត្រូវតែជាលក្ខខណ្ឌ​ចម្បង ដើម្បីឲ្យពួកគេអាចត្រឡប់​​ចូលប្រទេស​វិញបាន៕