(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបាន​ប្រកាសបញ្ជូន​សម្បត្តិ​វប្បធម៌ និងវត្ថុបុរាណ​ចិនចំនួន ៣៦១បំណែក​ឱ្យទីក្រុងប៉េកាំង​វិញ នៅឯពិធីប្រគល់​មួយនៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

មន្ត្រីជាន់ខ្ពស់​អាមេរិក និងចិន បានចូលរួមក្នុងពិធី​ប្រគល់មួយដែល​ប្រព្រឹត្តទៅនៅឯ​សារមន្ទីរ អេធែលហ្សក (Eiteljorg) ក្នុងទីក្រុង អ៊ីនឌាណាផូលី (Indianapolis) នៃរដ្ឋ អ៊ីឌាណា (Indiana) សហរដ្ឋអាមេរិក។ ការធ្វើមាតុ​ភូមនិវត្តន៍នេះ​ទៀតសោត នឹងក្លាយជា​ការប្រគល់វត្ថុបុរាណ​ក្នុងទ្រង់ទា្រយធំ​បំផុតឱ្យចិនវិញ ពីសហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំ២០០៩ ជាពេលដែល​ប្រទេស​ទាំង ២​ បានចុះ​ហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នាមួយ ស្ដីពីការពង្រឹង​ទំនាក់ទំនាក់ទំនង​ពាក់ព័ន្ធ​នឹងបញ្ហា​នេះ។

គួរបញ្ជាក់ថា នៅអំឡុងពិធី​ប្រគល់វត្ថុបុរាណ​នោះដែរ រដ្ឋបាលបេតិកភណ្ឌ​វប្បធម៌ជាតិចិន និងការិយាល័យ​ស៊ើបអង្កេត​អាមេរិក FBI ក៏បានចុះ​ហត្ថលេខា និងផ្លាស់ប្ដូរគ្នា​ទៅវិញទៅមកផងដែរ​ នូវវិញ្ញាប័ណ្ណបត្របញ្ជាក់ពីការផ្ទេរ ដែលនឹង​ធ្វើឱ្យប្រសើរឡើង​ការផ្ទេរសម្បត្តិ វប្បធម៌ និងវត្ថុបុរាណ​ទៅឱ្យ​ចិន៕