(ហាណូយ)៖ ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​នៅឯទីក្រុង​ហាណូយ ប្រទេសវៀតណាម រដ្ឋមន្រ្តីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បានធ្វើការបកស្រាយ​ហេតុផល​ ដែលស្ថិតនៅពីក្រោយភាពបរាជ័យនៃកិច្ចប្រជុំកំពូល​លើកទីពីរ​​ រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន ដែលអន្តរជាតិ​កំពុងចង់ដឹង​បំផុត។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពី​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

ហេតុផលរបស់​លោក Ri គឺផ្ទុយពីអ្វីដែលលោក​ប្រធានាធិបតី​អាមេរិក បានលើកឡើង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ កាលពី​​រសៀល​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបកំពូលរវាងមេដឹកនាំ​នៃប្រទេស​ទាំងពីរ បានបិទបញ្ចប់​ទៅ​យ៉ាង​តក់​ក្រហល​ និងទាំងពុំមាន​កិច្ចព្រមព្រៀងអ្វីទាំង​អស់ ដោយពេលនោះ​លោក ត្រាំ បាននិយាយថា កូរ៉េខាងជើង​បាន​ទាមទារ​ឲ្យ​​មានការដក​ទណ្ឌកម្ម​ទាំងអស់តែម្តង ជាថ្នូរនឹងការ​កម្ទេចមូលដ្ឋានអភិវឌ្ឍន៍​នុយក្លេអ៊ែរ​នៅតំបន់ យ៉ុងប្យុន (Yongbyon)។

លោករដ្ឋមន្រ្តី​ការបរទេស​បាននិយាយថា ទីក្រុងព្យុងយ៉ាង​បានស្នើឲ្យមានដកទណ្ឌកម្ម​ចំនួន ០៥ប៉ុណ្ណោះ ក្នុងចំណោម​ទណ្ឌកម្ម​ទាំង ១១ របស់ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការ​សហប្រជាជាតិ ដែលបើការអះអាង​របស់លោក Ri ទណ្ឌកម្មទាំង ០៥នោះ គឺ​បាន​ប៉ះពាល់ជា​ខ្លាំងដល់ជីវភាពរស់​នៅ របស់ប្រជាជនកូរ៉េខាងជើង។

លោក Ri បាន​សង្កត់ធ្ងន់ថា បើអាមេរិកព្រម​ទទួលយក​សំណើរនេះ កូរ៉េខាងជើងនឹង​បំផ្លាញចោលរាល់​មូលដ្ឋានផលិតវត្ថុធាតុ​​នុយក្លេអ៊ែរ​ក្នុងតំបន់ Yongbyon នៅចំពោះមុខ​ក្រុមអ្នកជំនាញ​អាមេរិកចោលទាំងស្រុង និងជាអចិន្រ្តៃយ៍តែម្តង ហើយមិនតែ​ប៉ុណ្ណោះទីក្រុង​ព្យុងយ៉ាងក៏បាន​ត្រៀមលក្ខណៈរួច​ជាស្រេច ដើម្បីសរសេរ​ជាលាយលក្ខណ៍អក្សរ នូវការផ្អាកជាអចិន្រ្តៃយ៍​​នៃការធ្វើ​តេស្តអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​ឆ្លងទ្វីប​​​របស់ខ្លួន​ថែមទៀត​ផង ប៉ុន្តែទីក្រុង​វ៉ាស៊ីនតោនបាន​បោះចោលឱកាស​ទាំងនេះ ដែលប្រហែលជា​នឹងគ្មានថ្ងៃទទួល​បានម្តងទៀត​ឡើយ។

លោក Ri Yong Ho បានបញ្ជាក់​ទៀតថា គោលជំហររបស់​​កូរ៉េខាងជើងនឹង​មិនប្រែប្រួលឡើយ បើទោះបីជា​សហរដ្ឋអាមេរិក​បន្ត​ព្យាយាមស្វែងរក​កិច្ចចរចាទៅមុខទៀត​ក៏ដោយ​ហើយ​ជាមួយគ្នា​នេះដែរ លោក គីម ប្រហែលជា​នឹងលែងមានឆន្ទៈចង់​បន្ត​កិច្ច​ចរចា​ក៏ថាបានដែរ។

គួរជម្រាបថា នៅក្រោយជំនួប​​រវាងលោក ត្រាំ និង​លោក គីម អនុរដ្ឋមន្រ្តីការបរទេស​កូរ៉េខាងជើង លោក រី គីល សុង (Ri Kil Song) បាន​ចាក​ចេញ​ពីហាណូយភ្លាមៗ ដើម្បីទៅ​​ទីក្រុងប៉េកាំង និងបានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តី​ការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពី​ថ្ងៃព្រហស្បតិ៍។ រីឯលោក គីម ជុងអ៊ុន វិញ នឹងត្រូវជួបពិភាក្សាជាមួយ​មេដឹកនាំវៀតណាមនាថ្ងៃសុក្រនេះ ហើយចេញដំណើរ​ត្រឡប់​ទៅវិញ​នៅថ្ងៃសៅរ៍ តាមរថភ្លើង​ពិសេស​របស់លោក៕