(ប្រេស៊ីល)៖ មេដឹកនាំបក្ស​ប្រឆាំង​លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលកំពុងបំពេញ​ទស្សនកិច្ចក្នុងប្រទេស​ប្រេស៊ីល​បានសន្យាថា នឹងត្រឡប់ ចូលប្រទេស​វេណេស៊ុយអេឡាវិញ​នៅថ្ងៃចន្ទសប្ដាហ៍​ក្រោយនេះ បើទោះជាត្រូវ​ប្រឈមមុខជាប់ពន្ធនាគារ ៣០ឆ្នាំ​ក៏ដោយ។ នេះបើតាម ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

ការសន្យា​ខាងលើរបស់​លោក Guaido ធ្វើឡើងនៅ​ចំពោះមុខអ្នកសារព័ត៌មាន​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ បន្ទាប់ពី​លោកបានជួប​ពិភាក្សាការ​ងារ​ជាមួយប្រធានាធិបតី​ប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) និងក្រោយពីមាន​សេចក្ដីរាយការណ៍​ថា លោកនឹងត្រឡប់​ទៅកាន់​ទីក្រុង ការ៉ាកាស់វិញ​នៅក្នុង​សប្ដាហ៍នេះ។ នាឱកាសនោះ​មេបក្ស​ប្រឆាំង​ដែលបានប្រកាស​តែងតាំងខ្លួនឯង​ជា​ប្រធានាធិបតី​វេណេស៊ុយអេឡាស្ដីទីរូបនេះ ក៏បានអំពាវនាវ​ផងដែរឱ្យសហគមន៍​អន្តរជាតិ​បង្កើន និងពង្រឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក នីកូឡាស់ ម៉ាឌូរ៉ូ។

គួរបញ្ជាក់ថា កាលពីដើម​សប្ដាហ៍​កន្លងទៅ ចៅក្រមវេណេស៊ុយអេឡា​ម្នាក់ បានប្រកាសមេដឹកនាំបក្សប្រឆាំង លោក Juan Guaido អាចនឹងប្រឈមមុខ​នឹងការជាប់ពន្ធនាគារ ៣០ឆ្នាំ ដោយសារ​តែលោកធ្វើដំណើរ​ទៅប្រទេស​កូឡុំប៊ី និងប្រេស៊ីល​ដែលនេះ​គឺជាទង្វើ រំលោភបំពាន​លើសាលក្រមរបស់តុលាការ​កំពូលវេណេស៊ុយអេឡា ដែលបានហាមឃាត់​រូបលោក​ មិនឲ្យចាកចេញពីប្រទេសឡើយ៕