(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់១លានដុល្លារសម្រាប់ព័ត៌មាននាំទៅរកការចាប់ខ្លួន Hamza bin Laden ដែលជាកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀត​ថា Hamza គឺជាមេដឹកនាំម្នាក់របស់ក្រុមអាល់កៃដា ហើយចាប់តាំងពីខែសីហា ឆ្នាំ២០១៥មក គាត់បានបញ្ចេញខ្សែអាត់សម្លេង និងសារវីដេអូជាច្រើននៅលើបណ្ដាញអ៊ីនធឺណែតដោយអំពាវនាវឱ្យអ្នកស្មោះស័្មគ្ររបស់ខ្លួនបើកការវាយប្រហារប្រឆាំងនឹង​សហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសលោកខាងលិច។

គួររំលឹកថា អតីតមេដឹកនាំអាល់កៃដា Osama bin Laden ត្រូវបានកងកម្ម៉ង់ដូរពិសេសអាមេរិកបាញ់សម្លាប់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ ក្នុងប្រទេសប៉ាគីស្ថាន ហើយសាកសពរបស់គាត់ត្រូវគេយកទៅបោះចោលនៅក្នុងសមុទ្រ។ រីឯ Hamza bin Laden ក៏បានចេញសារព្រមានផងដែរថានឹងតាមសងសឹកសហរដ្ឋអាមេរិកឱ្យឪពុករបស់លោកវិញ៕