(ហាណូយ)៖ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Kil-Song បានចាកចេញពីទីក្រុងហាណូយដើម្បីឆ្ពោះទៅកាន់ប្រទេសចិន បន្ទាប់​ពីកិច្ចប្រជុំកំពូលលើកទីពីររវាង​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ដែលអន្តរជាតិ​បាន​ទន្ទឹងរង់ចាំផ្ទៀងមើលលទ្ធផលយ៉ាងអន្ទះសានោះ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ នេះបើតាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នាយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Ri Kil-Song បានដឹកនាំប្រតិភូកូរ៉េខាងជើងចេញទៅប្រទេសចិននៅប៉ុន្មានប៉ុណ្ណោះ ក្រោយពីជំនួបកំពូលរវាង លោក គីម ជុងអ៊ុន និង​ លោក ដូណាល់ ត្រាំ ​ដែល​ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧និងទី២៨ ខែកុម្ភៈនេះ នៅ​​រដ្ឋធានីហាណូយនៃប្រទេសវៀតណាម ត្រូវបាន​​បញ្ចប់​​ទៅ​​ទាំង​តក់​​ក្រហល់​មុន​ការព្រាងទុក និងពុំមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមអ្វីទាំងអស់។

គួរជម្រាបថា លោក Ri ព្រមទាំងក្រុមមន្រ្តីដែលលោកដឹកនាំចេញទៅចិន សុទ្ធតែបានមកដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអង្គារ តាម​​រថភ្លើងជាមួយលោក គីម ជុងអ៊ុន ដោយចំណាយពេលជាង៦០ម៉ោង ឬជិត០៣ថ្ងៃ ក្រោយចាកចេញពីរដ្ឋធានីព្យុងយ៉ាង។ យ៉ាងណា​មិញ ទោះជំនួបកំពូលជាមួយ លោក ត្រាំ បានបញ្ចប់ទៅហើយក៏ដោយ លោក គីម ត្រូវបន្តស្នាក់នៅទីក្រុងហាណូយ​ ដើម្បីបំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋរយៈពេល០២ថ្ងៃ គឺថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមការអញ្ជើញរបស់ប្រមុខរដ្ឋវៀតណាម៕