(ហាណូយ)៖ ទោះបីជាជំនួប​កំពូលលើកទីពីរ​រវាងប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូល​កូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានបញ្ចប់​ទៅទាំងតក់ក្រហល និងបន្សល់ទុក​នូវ​​មន្ទិលសង្ស័យជាច្រើន​​សម្រាប់អន្តរជាតិ​ក៏ដោយ តែមិនមែនថា​វាគ្មានភាពវិជ្ជមាន​សោះ​នោះឡើយ បើតាមការ​លើកឡើង​​របស់លោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទ​សារព័ត៌មាន​​ចុងក្រោយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ខាងក្រោមនេះ​គឺជាការសរុបព្រឹត្តិការណ៍​សំខាន់ៗជា​បន្តបន្ទាប់ ចាប់តាំងពីមុនចាប់​ផ្តើម​ជំនួបជាផ្លូវការ រហូតដល់បិទបញ្ចប់​ជំនួបជាផ្លូវការ និងរហូតដល់​លោក ដូណាល់ ត្រាំ ព្រមទាំង​មន្ត្រីអម​ដំណើរជិះយន្តហោះ​ពិសេស Air Force One ត្រឡប់ទៅវិញ៖

* លោក ដូណាល់ ត្រាំ កាលពីដើមខែកុម្ភៈបានសម្រេចជ្រើសរើសយកវៀតណាម ធ្វើជាកន្លែងជួបប្រជុំកំពូលលើកទីពីរជាមួយលោក គីម ជុងអ៊ុន ខណៈប្រមុខដឹកនាំ​កូរ៉េខាងជើងរូបនេះក៏ពេញចិត្តដូចគ្នា។

* ទោះបីវៀតណាម​​ជាធ្វើជាម្ចាស់ផ្ទះដំបូងគេ និងត្រូវបានលោក ត្រាំ ឯកភាពជ្រើសរើស​យកមែន ក៏វៀតណាមពីដំបូងៗបានអះអាងថា ប្រទេសសិង្ហបុរីមានពេលរាប់ខែដើម្បី​រៀបចំ​កិច្ចប្រជុំកំពូល ត្រាំ-គីម លើកទីមួយ ប៉ុន្តែវៀតណាមវិញ​មានពេលមិនដល់ ២០ថ្ងៃនោះ​ឡើយ ហេតុដូច្នេះវាជារឿងលំបាកមួយដែរសម្រាប់វៀតណាម។

* រថភ្លើងពិសេសបាញ់មិនធ្លុះ​​របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយដែរ។ លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ស្ថានីយ​រថភ្លើងទីក្រុង Dong Dang របស់វៀតណាមមានព្រំប្រទល់​ជាប់ជាមួយចិន បន្ទាប់ពីជិះរថភ្លើង​ក្នុងចំងាយផ្លូវជាង ៤,៥០០គីឡូម៉ែត្រ ហើយលោក​នឹងត្រូវជិះរថយន្ដ​បន្តឆ្ពោះទៅកាន់ទីក្រុង ហាណូយក្នុងចំងាយផ្លូវ ១៧០គីឡូម៉ែត្រ។

* ប្រមុខដឹកនាំ​កំពូលនៃប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអំណរគុណ​ចំពោះប្រជាជាតិ​វៀតណាម សម្រាប់ការរៀបចំ​ទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ និងប្រកប​ដោយ​ថាមពល ចាប់តាំង​ពីលោក​​ធ្វើដំណើរ​ពីព្រំដែន​ចិន-វៀតណាម រហូតមកដល់​រដ្ឋធានី​ហាណូយ។ បើតាមមន្រ្តី​ជាន់ខ្ពស់វៀត​ណាម លោក ម៉ៃ ទៀនឌុង (Mai Tien Dung) ដែលជាអ្នកទទួលស្វាគមន៍​​​ប្រមុខដឹកនាំកូរ៉េខាងជើង​រូបនេះ នៅ​​ទីក្រុង Dong Dang លោក គីម ជុងអ៊ុន បាននិយាយ​យ៉ាង​ដូច្នេះថា «ខ្ញុំបានធ្វើ​ដំណើរលើចម្ងាយផ្លូវលើស​ពី ៣,០០០គីឡូម៉ែត្រ ដើម្បី​មក​កាន់​ប្រទេសវៀតណាម ហើយ​ខ្ញុំអរគុណ​ដល់ប្រទេសអ្នក សម្រាប់កិច្ច​ទទួលស្វាគមន៍​យ៉ាងកក់ក្តៅ និងប្រកប​ដោយ​ថាមពល»​។

* ពុំដូចទៅនឹង​ប្រទេសសិង្ហបុរីដែល​លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ច​អំឡុង​​កិច្ច​​ប្រជុំ​កំពូល​​លើក​​ដំបូង​ជា​មួយ​​លោក ដូណាល់ ត្រាំ​ នោះឡើយ​វៀតណាម​អាចផ្តល់គំរូម៉ូដែល​ជាក់ស្តែង​មួយ សម្រាប់​កូរ៉េខាងជើង​ក្នុងការធ្វើ​កំណែទម្រង់​វិស័យ​សេដ្ឋកិច្ច​ឲ្យមានសក្តានុពល​ខ្លាំង និងបើកចំហកាន់​តែទូលាយ​ជាងមុន។ ប៉ុន្តែរឿងនេះ​អាចកើតឡើង​ទៅរួច លុះត្រាតែអាមេរិក​​យល់ព្រម​ដក​ទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរនឹងការរំសាយ​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង។

* មុនជួបលោក គីម ជុងអ៊ុន នៅល្ងាចថ្ងៃពុធ ទី២៧​ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយថា «ប្រទេស​​វៀតណាម​កំពុងតែរីកចម្រើន​ ដូចទៅ​នឹង​កន្លែង​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ​នៅលើផែនដី។ កូរ៉េខាងជើង​នឹងអាចដូចគ្នាហើយលឿន​​មែន​​ទែន​ ប្រសិនបើ​បោះបង់​ចោលនុយក្លេអ៊ែរ។ វាគឺជាសក្តានុពល​ និង​ឱកាសដ៏​កម្រ​អស្ចារ្យមួយ​សម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹង​ដឹងច្បាស់ក្នុងពេល​ឆាប់ៗនេះ​»។

* អាកាសចរណ៍ធំៗ​ពីររបស់វៀតណាម​គឺ VietJet និង Bamboo នៅថ្ងៃពុធ​ ទី២៧ ខែកុម្ភៈ ​បានប្រកាសពី​កិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រុមហ៊ុន​យក្សអាមេរិក Boeing ដែលមាន​តម្លៃ ១៥ពាន់លានដុល្លារ ដោយក្នុងនោះ​ Boeing ត្រូវផលិត​យន្តហោះ​ ១១០គ្រឿង​ឲ្យ​ក្រុមហ៊ុន​ទាំងពីរនេះ ខណៈដែល​​សហរដ្ឋអាមេរិក និងវៀតណាម​​ក៏ទើប​សម្រេច​បាន​នូវកិច្ចព្រមព្រៀង​អនុញ្ញាតការហោះហើរត្រង់ទៅត្រង់​មក​រវាងគ្នាផងដែរ។

* ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​នាថ្ងៃពុធ ទី២៧ ខែកុម្ភៈ បានចូលជួបសំណេះសំណាលគ្នា​ជាមួយប្រធានាធិបតី​វៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋ​មន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc នៅឯទីក្រុងហាណូយ មុន​ពេលលោ ​ត្រូវជួប​គ្នា​បើក​ឆាកជាមួយ​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឱកាស​នៃការបើកកិច្ចប្រជុំកំពូលលើក​ទី​ពីរ​​អាមេរិក-កូរ៉េ​ខាងជើង ក្រោយទៅដល់​ហាណូយនាយប់ថ្ងៃអង្គារ។

* នៅទីបំផុត​ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់​ត្រាំ និងមេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ​បាន​ចាប់ផ្តើមប្រារព្ធ​ឡើងជា​ផ្លូវការ​ហើយនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធ ទី២៧​ ខែកុម្ភៈ​​ នៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ដែល​មានការរៀបចំការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយអាជ្ញាធរ​វៀតណាម។

* ក្រោយកិច្ច​ប្រជុំចប់ទៅទាំង​តក់ក្រហល លោក ត្រាំ បានបើក​សន្និសីទសារព័ត៌មាន​មួយ។ ថ្លែងនៅចំពោះមុខ​អ្នកសារព័ត៌មាន លោក ត្រាំ បានលើកឡើងថា លោកពិតជា​បានពិភាក្សាប្រកបដោយ​លក្ខណៈស្ថាបនា​ជាមួយ លោក គីម ជុងអ៊ុន។ ប៉ុន្តែ​ប្រធានាធិបតីអាមេរិកអះអាងថា មិនមានកិច្ចព្រមព្រៀង​ណាមួយត្រូវចុះហត្ថលេខា​នៅថ្ងៃនេះទេ ហើយ មិនតែប៉ុណ្ណោះ​គ្រាន់តែចាប់​ក្បាលម៉េក្រូភ្លាមៗ លោក ត្រាំ ផ្ទាល់បែរជានិយាយ​ពាក់ព័ន្ធនឹងស្ថានភាព​នៃជម្លោះរវាង​ប៉ាគីស្ថាន និងឥណ្ឌា មុនគេ​ទៅវិញ។

* ដោយឡែក​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ ក៏បានបញ្ជាក់ដែរថា លោក គីម ជុងអ៊ុន ហាក់ដូចជាមិនទាន់​ត្រៀមខ្លួន​ទទួលយកសំណើរបស់​សហរដ្ឋអាមេរិកនោះទេ ខណៈលោក ត្រាំ អះអាងថា កិច្ចចរចាបរាជ័យ​ដោយសារតែជជែក​មិនត្រូវគ្នារឿង ដកទណ្ឌកម្មពី​កូរ៉េខាងជើង។ តែទោះជាយ៉ាងណា​ក៏ដោយ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលថា បើទោះជាកិច្ចចរចា​ពុំបានទទួលជោគជ័យ​ក៏ដោយ​ក៏លោក គីម ជុងអ៊ុន នឹងមិនធ្វើតេស្ដសាកល្បង​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ឡើងវិញ​នោះទេ។

* លោក ដូណាល់ ត្រាំ បានបញ្ជាក់ក្នុងសន្នីសីទថា លោកបានបើកកិច្ចជំនួបលើកទីពីរ​ប្រកបដោយផ្លែផ្កាជាមួយលោក គីម ជុងអ៊ុន ប៉ុន្តែទណ្ឌកម្មលើកូរ៉េខាងជើង នឹងនៅតែ​បន្តអនុវត្តន៍ដដែល។ បន្ថែមពីនេះលោក​ក៏បានកោតសរសើរពីជំហររបស់ចិន​ផងដែរ ដែលបានជម្រុញឲ្យមានការបង្កើតជំនួបនេះឡើង។

* លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន​លោក​មិនមានគម្រោងរៀបចំ​ជំនួប​កំពូល​ជាលើកទី ៣ ជាមួយលោក គីម នោះទេ។ ប្រធានាធិបតី​អាមេរិករូបនេះ​បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងបានឃើញ បើសិនជារឿងនេះកើត​ឡើង...»។ បន្ទាប់មកទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំចាកចេញ​ពីរដ្ឋធានីហាណូយ​របស់ប្រទេស​វៀតណាម ​​នៅវេលាម៉ោង​ ៣៖០០នាទី​​​រសៀលនេះតែម្តង (ម៉ោងនៅហាណូយ)។

* នៅទីបញ្ចប់​យន្តហោះពិសេស Air Force One របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានហោះឡើងផុត​ចេញពី​​​អាកាសយានដ្ឋាន​អន្តរជាតិ ណយបៃ (Noi Bai) ក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម​ហើយ នៅវេលាម៉ោងជិត ៤៖០០នាទី​រសៀលថ្ងៃព្រហស្បតិ៍​នេះ។ ទោះបីជា​លោក ដូណាល់​ ត្រាំ​ ចាកចេញមុនកាល​កំណត់ប៉ុន្មានម៉ោង ក្រោយកិច្ចប្រជុំ​បរាជ័យក៏ដោយ ក៏​លោក គីម ជុងអ៊ុន វិញមិនទាន់​ចេញ​ទៅ​ប្រទេស​កំណើតវិញដែរ ដោយលោកត្រូវ​នៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម​​បន្តទៀតសិន តបតាម​ការអញ្ជើញពីប្រមុខ​រដ្ឋវៀតណាម៕