(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំចាកចេញ​ពីរដ្ឋធានីហាណូយ​របស់ប្រទេស​វៀតណាម ​​នៅវេលាម៉ោង​ ៣៖០០នាទី​​​រសៀលនេះតែម្តង (ម៉ោងនៅហាណូយ) បន្ទាប់ពីកិច្ចប្រជុំ​លើកទីពីរ​ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាន​ទទួល​បរាជ័យទាំងមន្ទិល។ នេះ​បើ​តាម​ការ​ដក​ស្រង់​​​ការផ្សាយចេញ​ពី​សារព័ត៌មាន​វៀតណាម VNExpress នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមប្រភព​ព័ត៌មានដែល VNExpress ទទួលបាន យន្តហោះ Air Force One របស់លោក ដូណាល់ ត្រាំ នឹងធ្វើហោះចេញពី​​ទីក្រុងហាណូយ​នាវេលាម៉ោងប្រហែល ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈពីដំបូងឡើយ​លោក ត្រាំ គ្រោងនឹងឡើង​យន្តហោះត្រឡប់​​ទៅ​សហរដ្ឋអាមេរិក​វិញ​នៅម៉ោង ៦៖០០នាទី​ល្ងាចថ្ងៃដដែលនេះទៅវិញទេ។

គួរជម្រាបថា យោងតាមការបញ្ជាក់​របស់អ្នកនាំពាក្យសេតវិមាន ជំនួបកំពូលរវាងលោក ត្រាំ និង​លោក គីម នៅហាណូយ​បាន​បញ្ចប់ទៅមុនការព្រាងទុក ​ដោយពុំមានកិច្ចព្រមព្រៀង​អ្វីនោះឡើយ។ ខណៈលោក លោក ត្រាំ នឹងវិលចាក​ចេញ​​ទៅ​វិញ​នា​ថ្ងៃនេះ លោក គីម ត្រូវ​​គេរំពឹងថា នឹងបន្តស្នាក់នៅក្នុង​ប្រទេសវៀតណាម​សិន ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ ក្រោមការអញ្ជើញ​របស់​មេ​ដឹកនាំ​​វៀតណាម៕