(ហាណូយ)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទ​សារព័ត៌មានមួយ​នៅរសៀល​ថ្ងៃព្រហស្បតិ៍នេះ នៅឯ​សណ្ឋាគារ ម៉ារីយ៉ូត (JW Marriot) ក្នុងទីក្រុងហាណូយ បន្ទាប់ពីជំនួប​កំពូលជាមួយ​មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន ត្រូវបញ្ចប់ភ្លាមៗ ដោយគ្មានកិច្ច​ព្រមព្រៀងអ្វី​ទាំងអស់។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខ​អ្នកសារព័ត៌មាន លោក ត្រាំ បានលើកឡើងថា លោកពិតជា​បានពិភាក្សាប្រកបដោយ​លក្ខណៈស្ថាបនា​ជាមួយ លោក គីម ជុងអ៊ុន។ ប៉ុន្តែ​ប្រធានាធិបតីអាមេរិកអះអាងថា មិនមានកិច្ចព្រមព្រៀង​ណាមួយត្រូវចុះហត្ថលេខា​នៅថ្ងៃនេះទេ ហើយ មិនតែប៉ុណ្ណោះ​គ្រាន់តែចាប់​ក្បាលម៉េក្រូភ្លាមៗ លោក ត្រាំ ផ្ទាល់បែរជានិយាយ​ពាក់ព័ន្ធនឹងស្ថានភាព​នៃជម្លោះរវាង​ប៉ាគីស្ថាន និងឥណ្ឌា មុនគេ​ទៅវិញ។

ដោយឡែក​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ ក៏បានបញ្ជាក់ដែរថា លោក គីម ជុងអ៊ុន ហាក់ដូចជាមិនទាន់​ត្រៀមខ្លួន​ទទួលយកសំណើរបស់​សហរដ្ឋអាមេរិកនោះទេ ខណៈលោក ត្រាំ អះអាងថា កិច្ចចរចាបរាជ័យ​ដោយសារតែជជែក​មិនត្រូវគ្នារឿង ដកទណ្ឌកម្មពី​កូរ៉េខាងជើង។

តែទោះជាយ៉ាងណា​ក៏ដោយ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលថា បើទោះជាកិច្ចចរចា​ពុំបានទទួលជោគជ័យ​ក៏ដោយ​ក៏លោក គីម ជុងអ៊ុន នឹងមិនធ្វើតេស្ដសាកល្បង​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ឡើងវិញ​នោះទេ៕