(បាងកក)៖ អាកាសចរណ៍ថៃអន្តរជាតិ Thai Airways International បានលុបចោល​​រាល់ជើងហោះហើរ​​​របស់​ខ្លួន​រវាង​ប្រទេសថៃ និង​អឺរ៉ុប​សម្រាប់​យប់​​ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រោះតែជម្លោះកំពុងក្តៅគគុករវាង​ឥណ្ឌា និងប៉ាគីស្ថាន ដែលស្ថិតនៅ​ចំផ្លូវហោះហើរ​របស់ខ្លួននោះ។ នេះបើតាម​​ការដកស្រង់​ការផ្សាយ​ចេញពីសារព័ត៌មាន​ថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ័ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ការលុបចោលជើង​ហោះហើរនេះ បានប៉ះពាល់ដល់ជើងហោះ​ហើរ​ចំនួន ១៣ របស់ Thai Airways ដែលគោលដៅ​ឆ្ពោះទៅ ​​និង​មកពីទីក្រុង Copenhagen, Oslo, Burssels, Paris, Moscow, Frankfurt, Munich, Zurich, Stockholm, London, Rome, Milan, និង Vienna ដែលស្ថិតនៅ​ក្នុងបណ្តាប្រទេស​ជាច្រើននៃទ្វីបអឺរ៉ុប។

ជុំវិញបញ្ហានេះ អគ្គនាយក​អាកាសចរណ៍ Thai Airways លោក ស៊ូម៉េត ដាំរ៉ុងឆៃថាំ (Sumeth Damrongchaitham) បានធ្វើការកោះប្រជុំ​ជា​​បន្ទាន់មួយ ហើយជាក់ស្តែងបើតាម​លោក ចំណាត់ការបណ្តោះ​អាសន្នមួយ​គឺផ្លាស់ប្តូរ​ផ្លូវ​ហោះហើរ​នៃ​ជើងហោះហើររ​វាង​​ប្រទេស​ថៃ និងតំបន់អឺរ៉ុប កុំឲ្យរំលងលើតំបន់ដែលប៉ាគីស្ថាន និងឥណ្ឌា​កំពុងមានវិវាទ​ធ្ងន់ធ្ងរហ្នឹង​គ្នានោះ។

គួរជម្រាបថា បញ្ហាខាងលើ​បានកើតឡើងបន្ទាប់​ពីប៉ាគីស្ថាន បានប្រកាសបិទ​ដែនអាកាស ហើយ​ឥណ្ឌា​ក៏បានសម្រេចបិទដែន​អាកាស​តាមតំបន់ផ្សេងៗ​ នៅភាគខាងជើង​ប្រទេស​ដូចគ្នាដោយសារ​ការបាញ់ទម្លាក់​យន្តហោះចម្បាំងគ្នា ទៅវិញ​ទៅមកកាល​ពី​ថ្ងៃពុធ ដែល​នាំឲ្យបណ្តាប្រទេសជាច្រើនមានការព្រួយបារម្ភ អំពី​លទ្ធភាពឈាន​ទៅរកសង្គ្រាម​រវាង​ប្រទេសមាន​អាវុធនុយក្លេអ៊ែរ​ក្នុងដៃរៀងៗ​ខ្លួនទាំង​ពីរនេះ៕