(ប៉ាគីស្ថាន)៖ អាកាសយានិកនៃយន្ដហោះចម្បាំង​ឥណ្ឌាម្នាក់ ដែលត្រូវ​បានកងទ័ពអាកាស​ប៉ាគីស្ថានបាញ់ទម្លាក់​ និងចាប់ខ្លួនកាលពីថ្ងៃពុធ បានក្លាយជា​ប្រធានបទដ៏រសើបមួយនៅ​លើបណ្ដាញ​ទំនាក់ទំនង​សង្គម និងជាវីរបុរសសម្រាប់​ប្រជាជន​ឥណ្ឌា ខណៈជម្លោះរវាង​ប្រទេស​នុយក្លេអ៊ែរទាំងពីរ ​កំពុងស្ថិតមាត់​ជ្រោះ​នៃសង្រ្គាមទៅហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ពីឡុតឥណ្ឌា​ខាងលើត្រូវបាន​ប្រជាជន និងយោធាប៉ាគីស្ថាន​ចាប់ខ្លួនបាន បន្ទាប់ពីយន្ដហោះចម្បាំង​របស់ឥណ្ឌា បានធ្លាក់នៅលើទឹកដី​ប៉ាគីស្ថាន។ ប៉ុន្តែទន្ទឹមគ្នា​នឹងការជួយសង្រ្គោះ ប្រជាជននៅក្នុង​តំបន់ខ្លះបានធ្វើការវាយដំលើ​ពីឡុតរូបនេះ មុនត្រូវបញ្ជូន​ទៅឃុំខ្លួនបន្តជា​បណ្ដោះ​អាសន្ន។ លើសពីនេះទៅទៀត​អាជ្ញាធរប៉ាគីស្ថាន​បានកំណត់អត្តសញ្ញាណពី​ឡុតរូបនេះថា មានឈ្មោះ អាប៊ី ណាន់ដា (Abhi Nanda) ហើយ រូបលោកក៏កំពុងក្លាយ​ជាចំណុចកណ្ដាល​នៃជម្លោះរវាងប្រទេសជិត​ខាង និងជាអតីតបងប្អូនទាំងពីរផងដែរ។

គួរជម្រាបថា អាជ្ញាធរឥណ្ឌាមិន​ទាន់បញ្ជាក់ពី​អត្ដសញ្ញាណពីឡុតខាងលើ​នៅឡើយទេ តែប្រព័ន្ធផ្សព្វផ្សាយ​ឥណ្ឌាខ្លះបានរាយការណ៍ថា ពីឡុតរូបនេះ​មានឈ្មោះ Abhinandan Varthaman។ ដោយឡែក សហរដ្ឋអាមេរិក និងចិន បានអំពាវនាវឱ្យប្រទេសទាំងពីររក្សា ភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រោះប្រទេសទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរ​នៅក្នុងដៃ និងធ្លាប់មានប្រវត្តិទាស់ទែង​គ្នា​ ជាច្រើទសវត្សរ៍​មកហើយ​នៅតាម​តំបន់ព្រំដែន ជាពិសេស​គឺតំបន់កាស្មៀរនោះ​តែម្តង៕