​(អង់ការ៉ា)៖ ប្រធានាធិបតី​តួកគី​លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានទាត់ចោលការអះអាង​របស់មេបក្សប្រឆាំង​លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលថាមន្ត្រីជាន់ខ្ពស់របស់​រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាច្រើនរូបបានរត់ភៀសខ្លួន​មកកាន់ប្រទេស​តួកគី។ នេះបើ​តាមការដកស្រង់ការផ្សាយពី​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងប្រាប់សា្ថនីយ​ទូរទស្សន៍តួកគី NTV លោក Erdogan បានលើក​ឡើងយ៉ាងដូច្នេះថា «គ្មានមន្ត្រី​វេណេស៊ុយអេឡាណា​ម្នាក់រត់ភៀសខ្លួន មកសុំសិទ្ធិជ្រកកោណ​នៅក្នុងប្រទេស​របស់ខ្ញុំនោះទេ។ វាគឺជារឿង​មិនពិត ហើយលោក Guaido ក៏មិនមែនជា​មេដឹកនាំត្រូវបាន​ជ្រើសរើសដោយ​ការបោះឆ្នោតដែរ ដូច្នេះអ្វីដែលគាត់​និយាយ គឺមកពីគាត់មិនស្គាល់​តួកគី»

គួរជម្រាបថា មកទល់​នឹងពេលនេះ​សហរដ្ឋអាមេរិក និងប្រទេស​ចំនួន ៥០ ផ្សេងទៀតបានទទួលស្គាល់​លោក Guaido ជាប្រធានាធិបតី​វេណេស៊ុយអេឡាស្រប​ច្បាប់ រីឯប្រទេសរុស្ស៊ី ចិន និងតួកគីជាដើមបានជំទាស់ ហើយនៅតែចាត់​ទុកថា លោក ម៉ាឌូរ៉ូ គឺជា​ប្រធានាធិបតី​ស្របច្បាប់តែមួយគត់​របស់​វេណេស៊ុយអេឡា​ដែលត្រូវ​បានជ្រើសតាំងដោយ​ប្រជាជន នៃប្រជាជាតិអាមេរិកឡាទីនមួយ​នេះ ព្រមទាំងបានស្បថឡើងកាន់​តំណែងដោយ​ស្របច្បាប់​ផងដែរ៕