(ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានសន្យាថា លោកនឹងប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាព ដើម្បីនាំយកលទ្ធផល ដ៏ល្អប្រសើរជា​ទីគាប់ចិត្តសម្រាប់​អ្នករាល់គ្នា នៅក្នុងជំនួបកំពូល​ថ្ងៃចុងក្រោយជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះ បើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ 

លោក ដូណាល់​ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នាហើយ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ជាការចាប់ផ្ដើម​ជំនួបថ្ងៃទី២ និងជាថ្ងៃ​ចុងក្រោយនៃកិច្ច​ប្រជុំកំពូល​នៅឯសណ្ឋាគារ មេត្រូផូល (Metropole) ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ 

នៅចំពោះមុខលោក ត្រាំ លោក គីម បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងបាន​ប្រឹងប្រែង​យ៉ាងខ្លាំងមកដល់​ថ្ងៃនេះ ហើយយើងគិតថា​ឥឡូវនេះគឺ​ជាពេលដ៏សំខាន់សម្រាប់​ពួកយើងមកកាន់​ទីក្រុងហាណូយ ដើម្បីអង្គុយ និងមានកិច្ចសន្ទនា​ដ៏អស្ចារ្យជា​មួយគ្នា។ ដូច្នេះ​ខ្ញុំសូមធានា​ចំពោះអ្នក​ថា ខ្ញុំនឹងប្រឹងប្រែង​ឱ្យអស់ពី​សមត្ថភាព ដើម្បីនាំយកលទ្ធផល​ដ៏ល្អប្រសើរជាទីគាប់ចិត្ត​សម្រាប់អ្នករាល់គ្នា ពីកិច្ចប្រជុំ​នៅថ្ងៃនេះ»

គួរបញ្ជាក់ថា បើតាមការ​គ្រោងទុក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ​ត្រាំ គ្រោង​នឹង​ធ្វើ​សន្និសីទ​ព័ត៌មាន​​រួម​ជាមួយ​​មេដឹកនាំ​​លោក គីម ជុង​អ៊ុន នៅ​ម៉ោង ​៣៖៥០​នាទី​រសៀល (​ម៉ោង​​នៅ​ប្រទេស​វៀតណាម) ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក ត្រាំ អាចនឹងធ្វើដំណើរចាកចេញ​ពីទីក្រុងហាណូយឆ្ពោះ​ទៅកាន់ទីក្រុងវ៉ាស៊ីនតោន​នៅល្ងាច​ថ្ងៃដដែល ខណៈលោក គីម ត្រូវបានគេ​រំពឹងថា នឹង​បន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​លើកដំបូង​របស់លោក៕