(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នាជាថ្មីម្ដងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលជាលើកទី២ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ស្ដីពីការរំសាយ អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងជំនួបថ្ងៃទី១ កាលពីថ្ងៃពុធ លោក ត្រាំ និងលោក គីម សុទ្ធតែបានបង្ហាញពីក្ដីសង្ឃឹមថាកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ បន្ថែមពីលើនេះ លោក គីម ផ្ទាល់ក៏បាននិយាយដែរថាលទ្ធផលដ៏ល្អប្រសើរមួយនឹងលេចឡើង ហើយវានឹងត្រូវបានទទួលស្វាគមន៍ពីអ្នករាល់គ្នា។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញខ្លះនៅតែព្រមានថាការរំសាយអាវុធ​នុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េទំនងជានឹងពិបាកកើតឡើងណាស់ ខណៈមានការរំពឹងជាច្រើនថាមេដឹកនាំទាំង២ អាចនឹងឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយចំនួនដូចជា៖

* ការតម្រូវឱ្យកូរ៉េខាងជើងបញ្ជាក់លម្អិតពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន
* ការបំផ្លាញរ៉េអាក់ទ័រនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង
* ការបើកផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយទណ្ឌកម្ម
* ការចុះហត្ថលេខាលើសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ ឬការបើកបណ្ដាញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាដើម។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ​ត្រាំ គ្រោង​នឹង​ធ្វើ​សន្និសីទ​ព័ត៌មាន​រួម​ជាមួយ​​មេដឹកនាំ​លោក គីម ជុង​អ៊ុន នៅ​ម៉ោង​៣ និង​៥០​នាទី​រសៀល (​ម៉ោង​នៅ​ប្រទេស វៀតណាម) ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោកត្រាំ អាចនឹង ធ្វើដំណើរចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃល្ងាចថ្ងៃដដែល ខណៈលោក គីម ត្រូវបានគេរំពឹងថានឹង បន្តស្នាក់នៅក្នុងប្រទេសវៀតណាម រហូតដល់ថ្ងៃសៅរ៍៕