(ហាណូយ)៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មាន​ភាព​ជឿជាក់​ខ្ពស់​ថា ជំនួបកំពូលលោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ត្រាំ នៅ​ទីក្រុង ហាណូយ ​លើក​នេះ នឹងទទួលបានលទ្ធផលវិជ្ជមាន នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មានអន្តរជាតិចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។​

លោក គីម បានប្រាប់លោក ត្រាំ ថា «ខ្ញុំជឿជាក់ថា លទ្ធផល​ជា​វិជ្ជមាន​ដ៏អស្ចារ្យ​នឹង​សម្រេច​បាន​នៅពេលនេះ ដែល​ជា​លទ្ធផល​​ទទួលបាន​ការ​​ស្វាគមន៍​ដោយ​មនុស្ស​ទាំង​អស់។ ខ្ញុំ​នឹង​ខិតខំ​ឱ្យអស់​ពី​លទ្ធភាព ដើម្បី​ធ្វើ​ឱ្យ​លទ្ធផល​ល្អ​កើតឡើង»។

មេ​ដឹកនាំ​ទាំងពីរ​រូប​ ធ្វើ​កិច្ច​ជំនួប​នៅ​សណ្ឋាគារ Sofitel Metropole នៅ​ក្នុង​រដ្ឋធានី​ នៃ​ប្រទេសវៀតណាម រយៈពេល​​ប្រមាណ​២០នាទី ក្រោយ​មក​ទើប​ទទួលទានអាហារពេលល្ងាច​រួម​គ្នា ដោយ​ក្នុង​នោះ​អ្នក​ចូលរួម​មាន​តែ​​មនុស្ស​ជំនិត​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ច​ជំនួប​ជាលើកដំបូង នៅ​ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា​កន្លង​ទៅនេះ លោក គីម បានចុះហត្ថលេខាលើកិច្ចសន្យាមិនច្បាស់លាស់មួយដើម្បី ធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរឧបទ្វីបកូរ៉េ ប៉ុន្តែ​ក្រោយមក​ភាគីទាំងពីរ​ហាក់​យល់​ឃើញ​ខុសគ្នា​អំពី​​អត្ថន័យ​នៃ​ពាក្យ​ថា «លុប​បំបាត់​នុយក្លេអ៊ែរ»នេះ។

លោក គីម បាននិយាយថា «យើង​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​អាច​ជួប​គ្នា​ទីក្រុងហាណូយម្តងទៀត»។ មេដឹកនាំ​រូបនេះ​បាន​បន្តថា ​មួយ​រយៈ​កន្លង​មក​វា​ជា​ពេល​ដែល​ត្រូវ​គិត​ពិចារណា ខិតខំប្រឹងប្រែង និងភាពអត់ធ្មត់​ខ្ពស់​ជាងពេលណាៗទាំងអស់​» នេះ​ជាការ​លើកឡើងរបស់​មេដឹកនាំ គីម សំដៅទៅ​លើ​រយៈ​ពេល​ប្រាំបី​ខែ​​ នៅចន្លោះ​រវាងកិច្ចប្រជុំទាំងពីរ​លើក​៕