(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅទីបំផុត​ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់​ត្រាំ និងមេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ​បាន​ចាប់ផ្តើមប្រារព្ធ​ឡើងជា​ផ្លូវការ​ហើយ​​ នៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ដែល​មានការរៀបចំការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយ​អាជ្ញាធរវៀតណាម៕

២៖ អាកាសចរណ៍ធំៗ​ពីររបស់វៀតណាម​គឺ VietJet និង Bamboo នៅថ្ងៃពុធ​នេះ​បានប្រកាសពី​កិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រុមហ៊ុន​យក្សអាមេរិក Boeing ដែលមាន​តម្លៃ ១៥ពាន់លានដុល្លារ ដោយក្នុងនោះ​ Boeing ត្រូវផលិត​យន្តហោះ​ ១១០គ្រឿង​ឲ្យ​ក្រុមហ៊ុន​ទាំងពីរនេះ ខណៈដែល​​សហរដ្ឋអាមេរិក និងវៀតណាម​​ក៏ទើប​សម្រេច​បាន​នូវកិច្ចព្រមព្រៀង​អនុញ្ញាតការហោះហើរត្រង់ទៅត្រង់​មក​រវាងគ្នាផងដែរ៕

៣៖ ​សារព័ត៌មាន​ឥណ្ឌា​នៅថ្ងៃពុធនេះបានចេញផ្សាយថា កងទ័ពអាកាស​ឥណ្ឌាបាន​​បាញ់ទម្លាក់​យន្ដហោះចម្បាំង​ប៉ាគីស្ថាន មួយ​គ្រឿងប្រភេទ F16 ជាការ​សងសឹក ក្រោយពីមានសេចក្ដីរាយការណ៍ថា ប៉ាគីស្ថានទើបបានបាញ់ទម្លាក់​យន្ដហោះចម្បាំង​ឥណ្ឌាពីរគ្រឿង នៅក្នុងដែន​អាកាស​របស់ខ្លួន​នៅតំបន់កាស្មៀរ និងចាប់បាន​ពីឡុតឥណ្ឌា​ម្នាក់​ទៀត៕

៤៖ ​កងកម្លាំងទ័ពអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា២គ្រឿង ដែលបានហោះចូលមកក្នុងដែន អាកាសរបស់ខ្លួននៅថ្ងៃពុធនេះ៕

៥៖ មនុស្សយ៉ាងតិច ២០នាក់បានបាតបង់ជីវិត និងច្រើន​ជាង​៤០នាក់បានរងរបួស នៅពេល​អគ្គីភ័យ​​មួយបានឆាបឆេះ​​ឡើង​ នៅស្ថានីយរថភ្លើងធំ​ជាងគេនៅចំកណ្តាល​រដ្ឋធានីគែរនៃប្រទេស​អេហ្ស៊ីប។

៦៖ មេដឹកនាំ​គណបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបាន​ប្រកាសតែងតាំងខ្លួនឯង​ជា ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាដោយ​មានការគំាទ្រយ៉ាងពេញទំហឹងពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​ជាច្រើន​នោះ អាចនឹងត្រូវប្រឈមមុខ​ជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ បើលោកហ៊ានចូលមកក្នុង​វេណេស៊ុយអេឡាវិញ ដើម្បីឲ្យអាជ្ញាធរ​ទីក្រុងការ៉ាកាស់​អនុវត្តន៍​តាមនីតិវិធី៕